(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ បានប្រារព្ធកម្មវិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ គុណភាពអប់រំ ដែលបានវាយតម្លៃ និងទទួលស្គាល់តាមរយៈ «QS Stars Rating» របស់ ចក្រភពអង់គ្លេស ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពី លោក បេន សោទ័រ នាយករងនៃ QS Stars លោក ខេស៊ី បាណែត នាយកវិទ្យាស្ថានខេមអេដ ភ្ញៀវជាតិ និងអន្តរជាតិ សាស្រ្តាចារ្យ បុគ្គលិក និងសិស្សនិស្សិត ប្រមាណ ២៥០នាក់ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

វិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានឧត្តមសិក្សាមុនគេបង្អស់នៅកម្ពុជា ដែលទទួលបាន ការទទួលស្គាល់លើគុណភាពនៃការបង្រៀនកម្រិតផ្កាយប្រាំ ពីស្ថាប័នវាយតម្លៃគុណភាព QS Stars នៃចក្រភពអង់គ្លេស ដែលជាស្ថាប័នអន្តរជាតិដ៏ធំមួយផ្តោតលើ គុណភាពនៃការអប់រំ ដោយឆ្លុះបញ្ចាំងអំពីភាពខ្លាំងរបស់គ្រឹះឧត្តមសិក្សា។

ការទទួលស្គាល់នេះ នឹងធ្វើឱ្យសិស្សនិស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សា នៅវិទ្យាស្ថានខេមអេដ រឹតតែមានការទទួលស្គាល់ទូលំទូលាយលក្ខណៈអន្តរជាតិ ជាពិសេស។ លើសពីនោះទៅទៀត ការទទួលស្គាល់ក៏ជួយសម្រួលដល់ និស្សិតដែលមានបំណងផ្ទេរការសិក្សា ឬបន្តការសិក្សា ថ្នាក់ក្រោយឧត្តមសិក្សានៅមហាវិទ្យាល័យក្រៅប្រទេសផងដែរ។

លោក ខេស៊ី បាណែត នាយកវិទ្យាស្ថានខេមអេដ បានមានប្រសាសន៍ លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលវិទ្យាស្ថានខេមអេដមានការទទួលស្គាល់ ពីស្ថាប័នវាយតម្លៃគុណភាពសាកលវិទ្យាល័យ QS Stars នៃចក្រភពអង់គ្លេស។

លោកបានបន្តថា ដើម្បីចូលរួមក្នុងការធានាគុណភាពអប់រំនៅកម្ពុជា វិទ្យាស្ថានខេមអេដ បានខិតខំ ពង្រឹងសមត្ថភាព និង ផ្ដល់ការបណ្ដុះបណ្ដាលដែលប្រកបដោយគុណភាពខ្ពស់ ដែលបានធ្វើឲ្យ វិទ្យាស្ថានខេមអេដ បានឆ្លងកាត់ការវាយតម្លៃទៅលើគុណភាពអប់រំរបស់វិទ្យាស្ថាន ជាលក្ខណៈអន្តរជាតិ តាមរយៈ “QS Stars Rating System” ដែលជាប្រព័ន្ធវាយតម្លៃមួយរបស់ QS World University Ranking នៃចក្រភពអង់គ្លេស។
ការវាយតម្លៃត្រូវបានធ្វើឡើង និងកំណត់នៃកម្រិតទទួលស្គាល់នៃគុណភាពអប់រំ តាមរយៈ ការទទួលបាននូវកម្រិតផ្កាយ (Stars Rating) ពីកម្រិតផ្កាយ១ រហូតដល់ កម្រិតផ្កាយ៥ ដោយផ្អែកទៅលើសូចនាករជាច្រើន ដូចជាការវាយតម្លៃនៃការបង្រៀន លទ្ធភាព និងឱកាសការងារដល់និស្សិត ហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីសិក្សា និងការចូលរួមក្នុងការងារសង្គមជាដើម។

ជាលទ្ធផលនៃការវាយតម្លៃ វិទ្យាស្ថានខេមអេដទទួលបាននូវទទួលស្គាល់រហូតដល់កម្រិតផ្កាយចំនួន៥ (Five Stars) លើគុណភាពនៃការបង្រៀន គុណភាពនៃលទ្ធភាព និងឱកាសការងារដល់និស្សិត ហេដ្ឋារចនាសម្ព័ន្ធ ការវិវត្តនៃកម្មវិធីសិក្សា និងការចូលរួមក្នុងការងារសង្គម ដែលជាចំណុចលេចធ្លោ និង បានឆ្លុះបញ្ជាំងពីចំណុចខ្លាំងរបស់វិទ្យាស្ថាន ក្រោមកិច្ចខិតខំប្រឹងប្រែង ពីសំណាក់ គណៈគ្រប់គ្រងនៃវិទ្យាស្ថាន សាស្រ្តាចារ្យ និងបុគ្គលិកគ្រប់រូប ។

លោក ខេស៊ី បាណែត ក៏បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការវាយតម្លៃពី QS Stars រួច បានធ្វើឲ្យលោកដឹងថា វិទ្យាស្ថានខេមអេដ ត្រូវតែបន្តអភិវឌ្ឍន៍ ក្នុងពង្រឹងគុណភាពរបស់ វិទ្យាស្ថានលើសូចនាករដទៃជាច្រើនទៀត ដើម្បីផ្តលនូវគុណភាពអប់រំថ្នាក់ឧត្តមសិក្សា ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពប្រសើរជាងនេះទៅទៀត។

លោក បេន សោទ័រ ដែលជានាយករង នៃQS Stars ក៏បានប្រកាសជាសាធារណៈ ផងដែរថា វិទ្យាស្ថានខេមអេដ គឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការទទួលស្គាល់ពីសំណាក់ QS Stars Rating System។

លោកក៏បានបញ្ជាក់ផងដែរថា QS Stars គឺជា ប្រព័ន្ធវាយតម្លៃគុណភាពអប់រំ សាកលវិទ្យាល័យក្នុងសកលលោក ដើម្បីធានា និងបង្ហាញគុណភាព និងផ្តល់ទំនុកចិត្តដល់សិស្ស និស្សិតនៅគ្រប់បណ្តាប្រទេសទាំងអស់ ដែលមានបំណងស្វែងរក សាកលវិទ្យាល័យដែលសាកសមបំផុត សម្រាប់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

តាមប្រសាសន៍លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ភាពជោគជ័យរបស់វិទ្យាស្ថានខេមអេដ ចំពោះការទទួលបាន ការទទួលស្គាល់គុណភាព ពីQS Stars គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សនិស្សិតកម្ពុជា ដែលកំពុងតែបន្ត ការសិក្សាថ្នាក់បរិញ្ញបត្រ នៅវិទ្យាស្ថាននេះ ដោយអាចទទួលបាននូវការអប់រំ ស្តង់ដាជាតិ និងអន្តរជាតិ។ លោកបានបន្តថា សមិទ្ធផលដែលសម្រេចបានទាំងអស់នេះកើតឡើង ដោយសារវិទ្យាស្ថានបានកំណត់ ចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ដែលមាននិន្នាការអភិវឌ្ឍន៍ សហគមន៍អ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុតាមគុណវឌ្ឍន៍ គុណភាព និងការទទួលស្គាល់ជាអន្តរជាតិ ភាពជាអ្នកដឹកនាំរឹងមាំ និងការប្តេជ្ញាចិត្តដឹកនាំដោយផែនការយុទ្ធសាស្ត្រដ៏រឹងមាំ ការចូលរួមរបស់អ្នកពាក់ព័ន្ធសំខាន់ៗ និងត្រួតពិនិត្យដោយយន្តការធានាគុណភាពផ្ទៃក្នុង។

លោកក៏បានបន្ថែមថា លោកពិតជាពេញចិត្តនូវ ទស្សនវិជ្ជារបស់សាលា “BE ELITE” ដែលផ្តោតលើ៖ ជំនាញការងារ ការរៀនសូត្រពេញមួយជីវិត, ការបង្រៀនដែលមានគុណភាពខ្ពស់, ការចូលរួមនិងការគោរព, ភាពស្ទាត់ជំនាញនិងការសម្របខ្លួន របស់អាយធី, និងសីលធម៌។

ជាចុងក្រោយ លោកជឿជាក់យ៉ាងមុតមាំថាសិស្សនិស្សិតអាចទទួលបាននូវ ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងតាមរយៈកម្មវិធីសិក្សា និងកម្មវិធីដែលមានការរចនាយ៉ាងល្អ ដែលបង្កើនសមត្ថភាពការងារនិងការប្រកួតប្រជែងនៅក្នុងទីផ្សារ។ វិទ្យាស្ថានខេមអេដ នឹងត្រូវបាន គេមើលឃើញថាជាស្ថាប័នមួយ ដែលកម្ពុជាអាចមានមោទនភាពក្នុងនាមជាសាកលវិទ្យាល័យឈាន មុខគេមួយនៅកម្ពុជា។

ដោយហេតុនេះហើយ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីជាការប្រកាសឲ្យសាធារណៈជន បានជ្រាបជាព័ត៌មាន និងសម្តែងនូវការអបអរសាទរ ដល់វិទ្យាស្ថានខេមអេដ និងសិស្សនិស្សិតទាំងអស់ លើការទទួលស្គាល់ថ្មីនេះ។

ជាកិច្ចបញ្ចប់កម្មវិធី លោក បេន សោទ័រ បានប្រគល់នូវវិញ្ញាបនបត្រទទួល ស្គាល់គុណភាព និងបញ្ជាក់ពីការទទួលស្គាល់ វិទ្យាស្ថានខេមអេដ ពី QS Stars និងមានការថតរូបទុក ជាអនុស្សាវរីយ៍ផងដែរ៕