(ភ្នំពេញ)៖ ខ្សែប្រយុទ្ធសំខាន់ក្នុងក្រុមជម្រើសជាតិរបស់កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះបានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់គាត់ និងកីឡាករ ៥នាក់ទៀតដែលឆ្លងជំងឺកូវីដ១៩ គឺល្អប្រសើរច្រើនហើយ។

តាមរយៈការបង្ហោះនៅលើបណ្តាញ Facebook ផ្លូវការ កីឡាករពាក់អាវលេខ១១ ប្តេជ្ញាប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសហាវនេះ និងសំណូមពរបងប្អូន អ៊ំ ពូមីង យាយតាទាំងអស់ បន្តអនុវត្តន៍នូវវិធានការ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

ខ្សែប្រយុទ្ធក្រុមគោព្រៃកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា «ជាដំបូងខ្ញុំសូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ មន្រ្តីសហព័ន្ធបាល់ទាត់កម្ពុជា ដែលស្វះស្វែងជួយសម្រួល និងយកចិត្តទុក្ខដាក់ព្យាបាលយើងនៅទីនេះ និងអរគុណដល់បងប្អូន អ៊ំ ពូមីង យាយតា ដែលបានជូនពរបារម្ភដល់ពួកយើង។ ស្ថានភាពពួកយើងចាប់ផ្ដើមប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះពួកយើងកំពុងតែមានសុខភាពល្អឡើងវិញ ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យនៅទីនេះ ២៤ម៉ោងលើ២៤ម៉ោង»។

សូមជម្រាបថា កីឡាករជម្រើសជាតិកម្ពុជាទាំង ៦នាក់ដែលបានឆ្លងជំងឺកូវីដ១៩ រួមមាន ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែ សុខសិឡា និង អ៊ាន ពិសី។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នៅក្នុងសន្និសីទសារព័ត៌មាននាវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

ការបកស្រាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើឡើងបន្ទាប់ពីមានមហាជនជាច្រើនដាក់ចម្ងល់លើបញ្ហាដែលមិនឃើញមានឈ្មោះ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ចូលលេងជើងទី២ ពេលគោព្រៃកម្ពុជាប៉ះជាមួយកោះហ្កាំ របស់សហរដ្ឋអាមេរិកក្នុងវគ្គជម្រុះពាន AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេសបារ៉ែនកាលពីថ្មីៗ។ ទោះជាយ៉ាងនេះក្តី ក្រុមគោព្រៃកម្ពុជានៅតែធ្វើបានល្អក្នុងជើងទី២ នេះ ដោយយកឈ្នះកោះហ្កាំ ក្នុងលទ្ធផល ២ទល់នឹង១ ហើយសរុបទាំងពីរជើងគឺឈ្នះ ៣ទល់នឹង១ ដែលធ្វើឲ្យមានឱកាសប្រជែងពាន AFC Asian Cup China 2023។

បើតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្ថែមថា កីឡាករជម្រើសជាតិកម្ពុជាយើងទាំង ៦នាក់ នឹងត្រូវបន្តស្នាក់នៅប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺកូវីដ-១៩ ឲ្យជាសះស្បើយ មុនធ្វើមាតុភូមិនិវត្តន៍។ សហព័ន្ធក៏បានជូនពរកីឡាករយើង ឲ្យឆាប់ជាសះស្បើយពីជំងឺឆ្លងកូវីដ-១៩ ផងដែរ៕