(សៀមរាប)៖ ក្រុមភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ទទួលការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយអ្នកជំនាញស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅបណ្ណាល័យខាងជើងថែវរួតព្រះពាន់ នៃប្រាសាទអង្គរវត្ត ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ដែលប្រចាំការផ្ទាល់តាមប្រាសាទ ជាទុនបន្ថែមដើម្បីឱ្យភ្នាក់ងារទាំងអស់បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទ រួមចំណែកក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់បង្កើនសមត្ថភាពផ្ទៃក្នុង ក្នុងរង្វង់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកចេះដឹងច្រើនទៅអ្នកចេះតិច ពិសេសភ្នាក់ងារទេសចរណ៍ដែលធ្វើការងារផ្ទាល់នឹងប្រាសាទ។
លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បង្ហាញពីចំណេះដឹងទូទៅអំពីថ្ម ប្រវត្តិថ្ម ភាពសឹករេចរិលនៃថ្ម ប្រាង្គប្រាសាទ ការវិវត្តនៃសំណង់ស្ថាបត្យកម្ម រចនាសម្ពន្ធ និងស្គាល់ច្បាស់ពីទីតាំងហានិភ័យជាដើម។
លោក អ៉ឹម សុខរិទ្ធី បន្ថែមថា ចំណេះដឹងជាមូលដ្ឋាន គឺត្រូវចេះសង្កេតគ្រប់ទីកន្លែងដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ ដើម្បីបញ្ចៀសនូវហានិភ័យបានទាន់ពេលវេលា៕