(ភ្នំពេញ)៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ អេង ប៉ូលីត សូឡារី ដែលជាម្ចាស់ស្នាដៃសៀវភៅ «អាស៊ីអាគ្នេយ៍២០ឆ្នាំក្នុងសង្រ្គាម CIA» បន្ទាប់ពីទទួលបានប្រជាប្រិយភាពពីស្នាដៃមុនៗរួចមក ឥលូវនេះ ក៏បានបញ្ចេញស្នាដៃនិពន្ធសៀវភៅថ្មីមួយទៀតដែលមានចំណងជើងថា យុទ្ធវិធី «កងពលទីប្រាំ» ២០ឆ្នាំក្នុងបដិវត្ដន៍ពណ៌។

សៀវភៅយុទ្ធវិធី «កងពលទីប្រាំ» ២០ឆ្នាំក្នុងបដិវត្តន៍ពណ៌នេះ បែងចែកជា៤ផ្នែក ខណៈផ្នែកទី១ ផ្តោតលើទ្រឹស្ដីនៃបាតុភូតបដិវត្តន៍ពណ៌ ផ្នែកទី២ សិក្សាពីបទពិសោធបដិវត្តន៍ពណ៌ «ទម្រង់ក្លាស៊ិក» នៅក្នុងរដ្ឋរងគ្រោះដំបូងចំនួន ៣ គឺប្រទេសស៊ែរប៊ី (អតីតជារដ្ឋមួយនៅក្នុងសហព័ន្ធយូហ្គោស្លាវី) ប្រទេសហ្សកហ្ស៊ី និងអ៊ុយក្រែន។ ចំណែកផ្នែកទី៣ ផ្តោតលើការសិក្សាអំពីយុទ្ធវិធីទូទៅដែលកងពលទី៥ និងកម្លាំងបរទេសធ្លាប់ប្រើប្រាស់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលពួកគេមិនមានសមានចិត្តជាមួយ។ នៅផ្នែកចុងក្រោយនឹងពិនិត្យយុទ្ធសាស្ត្រ និងយុទ្ធវិធីមួយចំនួន ដើម្បីបដិសកម្មបដិវត្តន៍ពណ៌។

វណ្ណកម្មនេះ មានកម្មវត្ថុសិក្សាលើសំណួរគោលចំនួន៣ គឺ៖

ទី១៖ តើគេអាចរៀនសូត្រអ្វីខ្លះពីបដិវត្តន៍ពណ៌ «ទម្រង់ក្លាស៊ិក» នៅរដ្ឋរងគ្រោះស៊ែរប៊ី ហ្សកហ្ស៊ី និងអ៊ុយក្រែន?

ទី២៖ តើកងពលទី៥ និងកម្លាំងបរទេសអមិត្តប្រើប្រាស់យុទ្ធវិធីទូទៅអ្វីខ្លះ ដើម្បីបញ្ចុះបដិវត្តន៍ពណ៌ប្ដូររបបរដ្ឋអធិបតេយ្យ?

ទី៣៖ តើមានយុទ្ធវិធីបដិសកម្មអ្វីខ្លះ ដើម្បីទប់ទល់នឹងសកម្មភាពរបស់កងពលទី៥ និងកម្លាំងបរទេសអមិត្ត?

សូមជម្រាបថា លោក អេង ប៉ូលីត សូឡារី បានសិក្សាជំនាញនីតិសាស្ត្រនៅរាជធានីភ្នំពេញ រួចហើយលោកទទួលអាហារូបករណ៍ទៅសិក្សានៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៉ី ឯកទេសវិទ្យាសាស្ត្រនយោបាយក្នុងរយៈពេល៦ឆ្នាំ។ បន្ទាប់មក និស្សិតរូបនេះរៀនចប់ជំនាញមួយទៀតផ្នែកទំនាក់ទំនងអន្តរជាតិនៅឆ្នាំ២០១៣។

អំឡុងពេលបន្តវិជ្ជានៅរដ្ឋធានីម៉ូស្គូ លោកបានត្រូវជ្រើសតាំងជាប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី។

ក្នុងគន្លងវិជ្ជាជីវៈ លោកធ្លាប់បានបម្រើការរយៈពេល៤ឆ្នាំនៅវិទ្យាសា្ថនអាស៊ី-អាហ្វ្រិក នៃសកលវិទ្យាល័យរដ្ឋម៉ូស្គូ ឡូម៉ូណូសូវ (Lomonosov)។ ស្នាដៃដំបូងរបស់លោកដែលចេញផ្សាយកាលពីឆ្នាំ២០១៩ គឺសៀវភៅ «ពូទីន ២០ឆ្នាំក្នុងអំណាច»