(ភ្នំពេញ)៖ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បាននឹងកំពុងត្រៀមធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិ នៃប្រទេសបារ៉ែន ដើម្បីធ្វើដំណើរទៅប្រទេសជប៉ុន បន្តការប្រកួត AFC U23 Asian Cup និងកីឡាករខ្លះទៀត ត្រូវធ្វើមាតុភូមិនិវត្តន៍វិញ។ នេះបើតាម Facebook របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

ក្រុមជម្រើសជាតិកម្ពុជាមួយចំនួនអាយុក្រោម ២៣ឆ្នាំ (U23) ត្រូវបន្តទៅប្រទេសជប៉ុន ដើម្បីបន្តការប្រកួតវគ្គជម្រុះពានរង្វាន់អាស៊ី AFC U23 Asian Cup ចំនួន ២លើកទៀត។ ដោយឡែកកីឡាករផ្សេងពីនោះ ត្រូវធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីបញ្ចប់បេសកកម្មនៅទឹកដីបារ៉ែន ក្នុងការប្រកួតទល់នឹងកោះហ្គាំ របស់អាមេរិក ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នាពេលថ្មីៗនេះ។

ក្រុមគោព្រៃកម្ពុជា បន្តធ្វើបានល្អក្នុងជើងទី២ ដោយយកឈ្នះកោះហ្គាំ ក្នុងលទ្ធផល ២ទល់នឹង១ ហើយសរុបទាំងពីរជើងគឺឈ្នះ ៣ទល់នឹង១ ដែលធ្វើឲ្យមានឱកាសប្រជែងពាន AFC Asian Cup China 2023។ ប៉ុន្តែកីឡាករជម្រើសជាតិកម្ពុជា ៦នាក់ទៀត ត្រូវបន្តស្នាក់នៅប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺកូវីដ-១៩ ឲ្យជាសះស្បើយ មុនវិលមកកម្ពុជាវិញ៕