(ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) សហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយធនាគារប្រៃសណីយ៍កម្ពុជា ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការវិនិយោគ បច្ចេកវិទ្យាជីវឧស្ម័ននៅកម្ពុជា។

គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយអង្គការ UNIDO តាមរយៈគម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយជម្រុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ» ក្រោមកិច្ច គាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថានពិភពលោក (GEF) ដែលជាគម្រោងសំខាន់សម្រាប់កម្មវិធីភាពជាដៃគូ ដែលកំពុងអនុវត្តរបស់អង្គការUNIDO នៅកម្ពុជា។ នៅក្រោម ក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នានេះភាគីទាំងពីរ នឹងរួមគ្នាកំណត់ឱកាសដើម្បីជួយវិនិយោគិនជាតិ និងអន្តរជាតិ ធ្វើការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័ន ក៏ដូចជាបច្ចេកវិទ្យាបំលែងសំណល់ទៅជាថាមពលដែលនឹងជួយបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់កសិធុរកិច្ច។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា ធនាគារប្រៃសណីយ៍កម្ពុជា បានសម្លឹងឃើញថាបច្ចេកវិទ្យាជីវឧស្ម័នជាបច្ចេកវិទ្យា ដ៏សំខាន់សម្រាប់វិស័យកសិធុរកិច្ច ជាពិសេសអនុញ្ញាតឱ្យកសិករបំលែងកាកសំណល់ទៅជាអគ្គិសនី ដែលជាដំណោះស្រាយដ៏សំខាន់មួយដើម្បីកាត់បន្ថយឧស្ម័ន ផ្ទះកញ្ចក់ ក៏ដូចជាដើម្បីប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាព។ ការទទួលបានមូលនិធិសម្រាប់ សហគ្រាសធុនតូច និងមធ្យម ក្នុងការវិនិយោគលើគម្រោងជីវឧស្ម័ន គឺជាអាទិភាពយុទ្ធសាស្ត្រមួយ ដើម្បីជួយដល់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោក ឡោ លីតួ ប្រធានគម្រោង BTIC បានបញ្ជាក់ដែរថា នេះជាលើកដំបូងសម្រាប់មជ្ឈមណ្ឌល BTIC ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយធនាគារ ដើម្បីលើកកម្ពស់ការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័ន ហើយគោលដៅមួយនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់ឆ្នាំ២០៣០ គឺដើម្បីធ្វើការស្រាវ ជ្រាវ អនុវត្តលើការប្រើសំណល់ទៅថាមពលដែលភ្ជាប់ទៅនឹងការអភិវឌ្ឍប្រកបដោយនិរន្តភាពលើវិស័យកសិកម្ម ហើយការសហការគ្នានេះដែរ ដើម្បីជម្រុញកំណើន រយៈពេលវែងនៅក្នុងផលិតកម្មសត្វ និងការកែច្នៃកសិផលតាមរយៈការលើកកម្ពស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវផងដែរ។

លោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងដែរថា ភាពជាដៃគូនេះបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការ ធ្វើឱ្យប្រសើរឡើងនូវការទទួលបានហិរញ្ញប្បទាន របស់កសិធុរកិច្ចដើម្បីវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័ន ជាមធ្យោបាយគ្រប់គ្រងសំណល់មួយប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យធុរកិច្ចទាំងនោះឆ្លើយតបទៅនឹងស្តង់ដារបរិស្ថាន ជាមួយនឹងការបង្កើនការប្រកួតប្រជែងរបស់អាជីវកម្មតាមរយៈការកាត់បន្ថយថ្លៃដើមប្រតិបត្តិការ។

លោក សុខ ណារិន បានបន្ថែមថា អនុស្សរណៈយោគយល់នេះ មានភាពស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងការធ្វើ បច្ចុប្បន្នភាព គោលនយោបាយជីវឧស្ម័នសម្រាប់ឆ្នាំ២០២១-២០៣០ ក៏ដូចជាគោលបំណងជាច្រើន ដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងកម្មវិធីភាពជាដៃគូរបស់អង្គការ UNIDO ក្នុងការលើកកម្ពស់វិស័យថាមពលប្រកបដោយនិរន្តរភាពផងដែរ។

សូមជម្រាបដែរថា អនុស្សរណៈ នៃការយោគយល់គ្នារវាងមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ និងធនាគារប្រៃសណីយ៍កម្ពុជា ក៏បានបង្កើតនូវប្រាក់កម្ចី ជីវឧស្ម័ន ទៅក្នុងគម្រោងកម្ចីខ្នាតតូច និងមធ្យមរបស់ខ្លួនដែលអាចកម្ចីរហូតដល់ ១០ម៉ឺនដុល្លារអាមេរិក ក្នុងនោះដំណើរការរយៈពេលវែងកម្ចីប្រាក់អាចទទួលបាន ខ្ពស់ជាងនេះផងដែរ៕