(អាមេរិក)៖ តារាទូរទស្សន៍ល្បីឈ្មោះ Kim Kardashian ដែលបច្ចុប្បន្នមានវ័យ៤០ឆ្នាំ បានយល់ព្រមបង់ប្រាក់ជូនលោក Kanye West ដែលជាអតីតស្វាមី ជាទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិក សម្រាប់ការដកឈ្មោះចេញពីកម្មសិទ្ធផ្ទះ Hidden Hills របស់ពួកគេ ក៏ដូចជាដើម្បីសម្រួលដល់ដំណើរការលែងលះគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបរទេស The News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

តារាស្រី Kim Kardashian បានក្លាយជាម្ចាស់កម្មសិទ្ធតែម្នាក់ឯង ទៅលើផ្ទះ Hidden Hills បន្ទាប់ពីអតីតស្វាមីវ័យ៤៤ឆ្នាំរបស់នាង បានចុះហត្ថលេខាជាផ្លូវការ បោះបង់សិទ្ធិលើទ្រព្យសម្បត្តិនេះ កាលពីពីរសប្តាហ៍មុន។ នេះបើយោងតាម TMZ។ ផ្ទះវីឡាជាចំណងដៃអាពិហ៍ពិពាហ៍របស់តារាល្បីឈ្មោះរូបនេះ បានទិញតាំងពី៧ឆ្នាំមុន ក្នុងតម្លៃ២០លានដុល្លារអាមេរិក ខណៈបច្ចុប្បន្ន Kim Kardashian កំពុងរស់នៅក្នុងផ្ទះនេះ ជាមួយកូនៗទាំង៤នាក់របស់នាង។

គួរជម្រាបថា តារាទូរទស្សន៍ល្បីឈ្មោះ Kim Kardashian ដែលបច្ចុប្បន្នមានវ័យ៤០ឆ្នាំ បានក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីប្រាក់សុទ្ធរបស់នាង បានកើនឡើងរហូតដល់ ២២០លានដុល្លារ ក្នុងរយៈពេល៦ខែ ដែលធ្វើឲ្យប្រាក់សុទ្ធរបស់នាងបច្ចុប្បន្ន មានចំនួន ១ពាន់លានដុល្លារអាមេរិក។

ប្រភពចំណូលរបស់តារាស្រី Kim Kardashian ត្រូវបានគេដឹងថា ក្រៅពីបានមកពីអាជីពទូរទស្សន៍ហើយនោះ គឺភាគច្រើនបានមកពីមុខជំនួញធំៗចំនួនពីររបស់នាង ដែលមានការជោគជ័យខ្លាំង គឺការលក់សម្លៀកបំពាក់ឈុតក្នុងនារី (the Shapewear Brand Skims) និងលក់គ្រឿងសំអាង (KKW Beauty)៕