(ភ្នំពេញ)៖ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធនាពេលកន្លងមកដែលបានស្ម័គ្រចិត្តធ្វើការដោយឆន្ទៈ និងអស់ពីបេះដូង ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡារាំកម្ពុជាឲ្យរីកចម្រើន ទាំងថ្នាក់ជាតិ និងលើឆាកអន្ដរជាតិ។

ការបង្ហាញសុទិដ្ឋិនិយមរបស់ប្រមុខកីឡារាំខាងលើ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៣ ឆ្នាំ២០១៧-២០២១ និងបន្ដអាណត្តី៤ ឆ្នាំ២០២១-២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១៤ ខែតុលានេះ ស្របពេលលោកជំទាវ ញ៉ែម មរកត បានទទួលការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ ធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីបន្ដទៀត។

ប្រធានសហព័ន្ធដដែលបានបន្ដថា «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលយើងទាំងអស់គ្នាបានប្រឹងប្រែងអភិវឌ្ឍវិស័យកីឡារាំឲ្យទទួលបានការគាំទ្រ នាពេលនេះ។ យើងមិនមានធនធានច្រើនទេ ហើយក៏មិនមានប្រាក់ខែដែរ ប៉ុន្តែយើងទាំងអស់ស្ម័គ្រចិត្តធ្វើការដោយមានឆន្ទៈខ្ពស់ និងអស់ពីបេះដូង ហើយព្រមទាំងចំណាយធនធានផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍបន្ថែមទៀត»

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា គោលដៅសំខាន់ក្នុងអាណត្តិថ្មីនេះ សហព័ន្ធកំពុងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីពង្រឹង ពង្រីក និងអភិវឌ្ឍវិស័យកីឡារាំកម្ពុជាឲ្យកាន់តែផុសផុល និងរឹងមាំ ក្នុងគុណភាពបច្ចេកទេស ឈានឆ្ពោះទៅរកមេដាយមាសជូនជាតិ ក្នុងឱកាសកម្ពុជាទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ។

ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ អាណត្តិទី៤ នៃសហព័ន្ធកីឡារាំកម្ពុជា គឺមានចំនួន ១៣រូប ក្រៅពីលោកជំទាវ ញ៉ែម មរកត ជាប្រធានសហព័ន្ធ គឺមានអនុប្រធាន ៣រូប ដូចជាលោក វ៉ាត់ ចំរើន លោកជំទាវ ម៉ក់ វណ្ណស៊ីថា និងលោកឧកញ៉ា ប៉ិច បូឡែន។ លោកស្រី ហង់ ស៊ីមន ជាអគ្គលេខាធិការ និងអគ្គលេខាធិការរងលោកស្រី ស្រី ស៊ីវឡេង រួមទាំងលោកស្រី សោ ម៉ាល័យ ជាអគ្គហេរញ្ញិក និងសមាជិកចំនួន ៦រូបផ្សេងទៀត៕