(សោវហែមតុន)៖ ខ្សែប្រយុទ្ធក្លិប Southampton កីឡាករ Che Adams នឹងខកខានការប្រកួតលីគ Premier League នាថ្ងៃសៅរ៍សប្តាហ៍នេះ នៅក្នុងការធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Leeds United បន្ទាប់ពីមានបញ្ហារបួសសាច់ដុំ នៅក្នុងការបំពេញតួនាទីអន្តរជាតិ ជាមួយក្រុមជម្រើសជាតិស្កុតឡេន, នេះបើតាមសម្តីអ្នកចាត់ការក្លិប លោក Ralph Hasenhuettl ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

Adams ត្រូវបានដកចេញពីការប្រកួត របស់ក្រុមជម្រើសជាតិស្កុតឡេន តទល់នឹងក្រុមកោះហ្វារ៉ូ កាលពីសប្តាហ៍មុន បន្ទាប់ពីមានរបួស ក្នុងការប្រកួតឈ្នះ៣-២របស់ពួកគេ លើក្រុមអ៊ីស្រាអែល នៅពហុកីឡដ្ឋាន Hampden Park។

«វាមិនធ្ងន់ធ្ងរទេ ប៉ុន្តែគាត់ច្បាស់ជាត្រូវអវត្តមាន សម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះ», នេះបើតាមសម្តីលោក Hasenhuettl បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។

លោក Hasenhuettl, ដែលដឹកនាំក្រុមគ្មានជ័យជម្នះ ស្ថិតនៅលេខរៀងទី១៧ ក្នុងតារាង ដោយមាន៤ពិន្ទុ ពីការប្រកួត៧លើកនោះ, បាននិយាយថា គាត់រំពឹងថា នឹងមានការធ្វើតេស្តដ៏ស្វិតស្វាញមួយ ក្នុងការប្រកួតទល់នឹងក្រុម Leeds ដែលឈរមួយលេខរៀង នៅពីលើក្រុមពួកគេ៕