(ភ្នំពេញ)៖ ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា នឹងចូលជំនួសគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ព្រមទាំងការធ្វើកំណែទម្រង់ការងារមួយចំនួន ពិសេសនឹងបង្កើតឲ្យមានច្បាប់នៃការកំណត់កញ្ចប់ថវិការបស់ក្លិបនីមួយៗ សម្រាប់ចំណាយលើការទិញ-លក់កីឡាករ ដើម្បីជំរុញការប្រកួតប្រជែង និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើន។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ការបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធបានប្រកាសបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាកាលពីព្រឹកមិញ ដោយតែងតាំងលោក Satoshi Saito អតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារក្លិប FC Barcelona និងជាទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) គឺជានាយកប្រតិបត្តិ (CEO)។ ការប្រកាសព័ត៌មានដ៏រសើបនេះ ត្រូវបានបណ្ដាថ្នាក់ដឹកនាំក្លិប និងគ្រប់ភាគីពាក់ព័ន្ធបាល់ទាត់ ក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានលើកជាចម្ងល់ខ្លះ អំពីបេសកកម្មរបស់ក្រុមហ៊ុនលីគបាល់ទាត់លើកដំបូងនេះផងដែរ។

លោក ខៀវ សាម៉េត បានបញ្ជាក់ថា «ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជានេះ នឹងជំនួសឲ្យគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ព្រោះយើងក្រឡេកមើលទៅប្រទេសជិតខាងយើង ដូចជានៅវៀតណាម ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម គេមានក្រុមហ៊ុនលីគរបស់គេ ដែលគេរៀបចំការប្រកួតលីគក្នុងស្រុក ក៏ដូចជាខាប់ (Cup) គេធ្វើបានជោគជ័យហើយ»

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលថា ក្រុមហ៊ុនលីគនេះ នឹងរៀបចំការប្រកួតលីគក្នុងស្រុកទាំងអស់ ដូចរាល់ថ្ងៃកម្ពុជាមានពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ តែថ្ងៃក្រោយទៀត អាចមានលីគទី១ ឬលីគទី២ ដូចស្រុកគេ ដែលមានលីគទី១ លីគទី២ រហូតដល់លីគទី៣ ឬលីគទី៤... ក៏មាន រួមទាំងការប្រកួតខាប់ និងការប្រកួតផ្សេងៗទៀត ដែលជាផលប្រយោជន៍សម្រាប់បាល់ទាត់កម្ពុជា។

លោកបន្ដថា «គាត់ (ក្រុមហ៊ុនលីគ) រ៉ាប់រង និងមើលការខុសត្រូវក្លិបនីមួយៗ ព្រោះធម្មតាក្លិបស្រុកគេ គេហៅថា អាជ្ញាបណ្ឌក្លិប ដើម្បីបានចូលប្រកួតក្នុងលីគ តើក្លិបត្រូវធ្វើដូចម៉្តេចខ្លះ ទើបអាចបានចូលរួម? មានលក្ខខ័ណ្ឌ ១, ២, ៣ ចឹងទៅ។ រាល់ថ្ងៃយើងឃើញក្លិបស្រុកយើង ក្លិបខ្លះអត់ទាន់បំពេញលក្ខខណ្ឌបានទេ អញ្ចឹងយើងត្រូវឲ្យគាត់ជួយប្រាប់ថា អ្នកឯងត្រូវធ្វើដូចម៉្តេច ទើបបានលេងក្នុងលីគ?»

«អាជ្ញាបណ្ឌក្លិប មិនមែនតែស្រុកយើងទេ គឺនៅក្របខណ្ឌអាស៊ាន និងអាស៊ី ក៏មានអាជ្ញាបណ្ឌក្លិបសិនដែរ។ បើសិនអត់គ្រប់លក្ខខណ្ឌទេ គឺការចូលរួមប្រកួត ដូចជាក្នុងក្របខណ្ឌ AFC Cup ឬ AFC Champions League ក្ដី គឺចូលរួមអត់បានទេ។ អ៊ីចឹងគាត់ជួយមើលត្រង់ចំណុចហ្នឹងទៀត»។ លោក ខៀវ សាម៉េត បន្ថែម។

«មួយវិញទៀត រាល់ថ្ងៃយើងដឹងហើយថា ក្លិបរាល់ថ្ងៃ គឺចាយលុយខាតច្រើនរាល់ឆ្នាំ ក្លិបនីមួយៗ គាត់អត់មានចំណូលអ្វីធំដុំទេ។ ម្យ៉ាងដោយសារយើងបិទអត់ឲ្យទស្សនិកជនចូលទស្សនាផ្ទាល់ អត់មានចំណូលអ្វីសោះហ្មង ធ្វើឲ្យក្លិបនីមួយៗមានបញ្ហាវិបត្តិហិរញ្ញវត្ថុ។ អ៊ីចឹងគាត់នឹងកៀគរអ្នកឧបត្ថម្ភ (Sponsor) មកជួយពង្រឹងក្លិប។ បើសិនជាយើងអត់មានលុយទេ ក្លិបគាត់ចេះតែចាយលុយ ចាយៗយូរទៅគាត់លែងចង់ចាយ ធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍បាល់ទាត់»

អ្វីដែលគួរឲ្យចាប់អារម្មណ៍អនុប្រធានសហព័ន្ធខាងលើបានសង្កត់ធ្ងន់ពាក់ព័ន្ធនឹងការកំណត់ការចាយលុយ សម្រាប់ការទិញ-លក់កីឡាករ ត្រូវគោរពគោលការណ៍ Fair-Play ដោយលោកនិយាយថា «យើងនឹងធ្វើទៅតាមស្ដង់ដារអន្ដរជាតិ ដូចក្លិបនៅអឺរ៉ុបធំៗអ៊ីចឹង គឺថា អ្នកមានលុយប៉ុន្មានក៏ដោយ អ្នកឯងត្រូវចាយក្នុងចំនួនកំណត់ណាមួយឲ្យស្មើភាពគ្នាមានន័យថា ឲ្យមានការប្រកួតប្រជែងដោយភាពស្មោះត្រង់ និងយុត្ដិធម៌ (Fair-Play)។ ឧទាហរណ៍ដូចក្លិប Man-City គាត់ចាយលុយច្រើនលើសលប់ ត្រូវបានរងពិន័យពី UEFA ជាដើម»។

លោកថា «អញ្ចឹងទាំងអស់នេះ សុទ្ធតែជារឿងដែលត្រូវធ្វើ ដើម្បីភាពយុត្តិធម៌ និងរីកចម្រើន ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា គឺត្រូវមើលគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពផ្លូវច្បាប់ ទិដ្ឋភាពហិរញ្ញវត្ថុ និងការងារជាច្រើនទៀត ដើម្បីធ្វើឲ្យកម្រិតបាល់ទាត់យើងរីកចម្រើន។ ចង់ឲ្យជម្រើសជាតិមួយខ្លាំង លុះត្រាតែក្លិបខ្លាំង ដូចយើងមើលប្រទេសជិតខាងយើង បើសិនជាក្លិបខ្សោយ ជម្រើសជាតិក៏ខ្សោយដែរ ព្រោះកីឡាករភាគច្រើនលេងនៅក្លិប ខណៈការប្រមូលផ្ដុំជម្រើសជាតិមានរយៈពេលខ្លីណាស់»

ចុងក្រោយលោកបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះការបង្កើតឲ្យមានក្រុមលីគបាល់ទាត់នេះឡើង ដោយលោកចាត់ទុកនេះ គឺជាការដើរផ្លូវត្រូវមួយ បន្ទាប់ពីមានការចាប់អារម្មណ៍ច្រើនពីចង្កោមគ្រួសារបាល់ទាត់ជាតិ និងមហាជន ដើម្បីធ្វើការកែប្រែ និងកែទម្រង់យ៉ាងម៉េច ឈានទៅចាប់យកឱកាសឲ្យឈ្នះក្រុមខ្លាំងៗក្នុងតំបន់ ដូចការលើកឡើងរបស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាអ្វីដែលថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាចង់ឃើញ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ AFF ដដែលបន្ដថា «ការចាប់អារម្មណ៍ច្រើន គឺល្អ ដែលសរបញ្ជាក់ឲ្យឃើញថា យើងកំពុងដើរទៅរកផ្លូវត្រូវ...។ កន្លងមកមិនមែនថា ខុសទេ គ្រាន់តែថា កែតម្រូវឲ្យទៅរកស្ដង់ដារអន្ដរជាតិ ដែលគេអនុវត្តបានជោគជ័យ។ យើងរៀនពីគេនូវអ្វីដែលល្អ អ្វីដែលត្រឹមត្រូវ គឺយើងរៀន ដើម្បីកែនូវអ្វីដែលយើងធ្វើទៅមិនទាន់ត្រឹមត្រូវ។ យើងសង្ឃឹមថា យើងនឹងទទួលបានជោគជ័យនៅថ្ងៃអនាគត»៕