(ឡុងដ៍)៖ សរុបមានមនុស្សចំនួន៩២នាក់ ត្រូវបានចាប់ខ្លួន ជាប់ពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ នៃការធ្វើជាម្ចាស់ផ្ទះរបស់អង់គ្លេស អំឡុងរដូវកាល២០២០-២១, ក្នុងនោះ៩០នាក់ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលប្រកួតពានរង្វាន់ European Championship, នេះបើតាមការបញ្ជាក់ ពីក្រសួងមហាផ្ទៃអង់គ្លេស ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

សមាគមកីឡាបាល់ទាត់អង់គ្លេស បានរៀបចំការត្រួតពិនិត្យឯករាជ្យមួយ ដើម្បីពិនិត្យមើលការរំខាន នៅអំឡុងពេលការប្រកួតពានរង្វាន់ Euro 2020 ទល់នឹងក្រុមអ៊ីតាលី នៅពហុកីឡដ្ឋាន Wembley កាលពីថ្ងៃទី ១១ ខែកក្កដា។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ, ដែលអ៊ីតាលីបានឈ្នះ ក្នុងការទាត់បាល់ប៉េណាល់ទីនោះ, ត្រូវបានអុកឡុក ដោយការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រនិងមន្រ្តី នៅក្នុងនិងជុំវិញពហុកីឡដ្ឋាន។

ប៉ូលិសអង់គ្លេស បានចាប់ខ្លួនមនុស្សមួយចំនួន ហើយថាមន្ត្រី១៩នាក់ បានទទួលរងរបួស បន្ទាប់ពីអ្នកគាំទ្រដែលគ្មានសំបុត្រចូលទស្សនា បានបំពានលើច្បាប់សន្តិសុខ មុនការប្រកួត។

តួរលខេពីក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងចំណោមមនុស្ស៩០នាក់ ដែលត្រូវបានចាប់ខ្លួន នៅឯព្រឹត្តិការណ៍ Euro 2020 នោះ, ៣៩នាក់ ត្រូវបានចាប់ខ្លួន ក្នុងការប្រកួតរបស់អង់គ្លេស ប៉ះក្រុមអ៊ីតាលី, ២៨នាក់ ក្នុងការប្រកួតប៉ះក្រុមស្កុតឡេន និង១៨នាក់ ត្រូវបានចាប់ខ្លួន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តទល់នឹងដាណឺម៉ាក់។

ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានបញ្ជាក់ថា ខ្លួនបានតែងតាំងស្ថាប័នអធិការកិច្ច សីលធម៌ និងវិន័យ (Ethics and Disciplinary Inspector) ដើម្បីធ្វើការស៊ើបអង្កេត លើភាពវឹកវរ នៅខាងក្រៅពហុកីឡដ្ឋាន Wembley។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានចេញផ្សាយថា UEFA អាចប្រកាសពីការសម្រេចចិត្តរបស់ខ្លួន នៅដើមសប្តាហ៍ក្រោយ ជាមួយនឹងអង់គ្លេស អាចស្ថិតក្នុងការបញ្ជា ឱ្យប្រកួតក្នុងការធ្វើជាម្ចាស់ផ្ទះ ដោយគ្មានវត្តមានអ្នកគាំទ្រ៕