(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិលនេះថា ខ្លួននឹងបិទគេហទំព័រ រួមនឹង សេវាកម្ម LinkedIn នៅកក្នុងប្រទេសចិន ខណ:ដែលរដ្ឋាភិបាលនៃប្រទេសមួយនេះបាននិងកំពុងតែបន្តការត្រួតពិនិត្យ និងដាក់សម្ពាធទៅ លើ ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា LinkedIn គឺជាបណ្ដាញសង្គមដ៏ធំមួយ និងចុងក្រោយគេរបស់អាមេរិកដែលបានឈរជើង និងមានប្រតិបត្តិការនៅក្នុងប្រទេសចិន ខណៈដែលច្បាប់នៃប្រទេសនេះមានការតឹងរ៉ឺង បំផុត ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាបរទេស ជាពិសេសគឺអាមេរិក។

បណ្ដាញសង្គមអាមេរិកធំៗដូចជា Facebook និង Twitter គឺត្រូវបានហាមឃាត់ និងមិនអនុញ្ញាតឱ្យមានប្រតិបត្តិការនៅក្នុងប្រទេសចិន អស់រយៈពេលជាងមួយទស្សវត្តរ៍មកហើយ ខណៈដែលក្រុមហ៊ុន Google ទើបតែសម្រេចបិទប្រតិបត្តិការ និងសេវាកម្មរបស់ខ្លួននៅក្នុង ប្រទេសនេះកាលពីឆ្នាំ២០១០។

ពាក់ព័ន្ធនឹងការបិទសេវាកម្ម LinkedIn នៅក្នុងប្រទេសចិននេះ ត្រូវបានក្រុមហ៊ុន Microsoft បញ្ជាក់ថាឱ្យដឹងថា ដោយសារតែ បរិបទ នៃការប្រកួតប្រជែង និងច្បាប់របស់ប្រទេសចិនកាន់តែមានសម្ពាធខ្លាំង ដូច្នេះហើយ Microsoft ក៏សម្រេចចិត្តដកខ្លួនចេញពីទីផ្សារប្រទេស មួយនេះតែម្ដង។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Microsoft បានរំលេចឱ្យដឹងផងដែរថា ខ្លួននឹងបើកដំណើរការគេហទំព័រស្វែងរកការងារថ្មីមួយវិញនៅក្នុង ប្រទេសចិន ដែលវាមិនមែនជាបណ្ដាញសង្គម ឬវេទិកាស្វែងរកការងារដូច LinkedIn ឡើយ ដោយវាមានឈ្មោះថា InJob។

សារព័ត៌មាន The Wall Street Journal បានរាយការណ៍មកថា កាលពីខែមីនាកន្លងទៅនេះនិយ័តករចិនបានប្រាប់ឱ្យ LinkedIn បង្កើនការត្រួតពិនិត្យទៅលើមាតិការបស់ខ្លួនឱ្យបានល្អជាងនេះ បើមិនដូច្នេះទេ និយ័តករនឹងអនុវត្តទៅតាមវិធានការច្បាប់។

គួរបញ្ជាក់ផងដែរថា Microsoft បានដាក់ឱ្យដំណើរការកម្មវិធី LinkedIn នៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១៤ ប៉ុន្តែមិនបានដាក់ឱ្យប្រើប្រាស់ ពេញលក្ខណៈនោះទេ ព្រោះតែតម្រូវទៅតាមគោលការណ៍ និងច្បាប់ប្រទេសនេះដែលបានកំណត់៕