(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ បានឈានដល់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ (១/៤ផ្ដាច់ព្រ័ត្រ) នាចុងសប្ដាហ៍នេះហើយ ដោយការប្រកួតនឹងធ្វើឡើងនៅលើទឹកដីកណ្ដាលតែ ១ជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្តង។

សម្រាប់កម្មវិធីប្រកួតរួមមាននៅថ្ងៃទី១៦ ខែតុលាស្អែកមាន ២គូ គឺខេត្តកណ្ដាល ជួបខេត្តបាត់ដំបង នៅកីឡដ្ឋាន 7NG និងខេត្តត្បូងឃ្មុំ ជួបក្រុមភ្នំពេញហ្គាឡាក់ស៊ី នៅកីឡដ្ឋាន AEU Sport Park។ រីឯថ្ងៃទី១៧ ខែតុលាមាន ២គូដូចគ្នា គឺក្រុមសៀមរាបអេហ្វស៊ី ប៉ះខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ និងខេត្តកំពង់ឆ្នាំង ជួបក្រុមកោះកុងអេហ្វស៊ី នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ ការប្រកួតទាំង ៤គូ នឹងចាប់ផ្ដើមនាម៉ោង ៣រសៀលដូចៗគ្នា។

គួរដឹងថា ដោយសារវិបត្តិកូវីដ-១៩ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំនេះបានដំណើរដោយរអាក់រអួល បន្ទាប់ពីមានការពន្យារពេលជាយូរ ធ្វើឲ្យក្រុមជាច្រើនដកខ្លួន។ ការណ៍នេះនាំឲ្យក្រុមមួយចំនួនទទួលបានកៅអីវគ្គ ៨ក្រុមដោយស្វ័យប្រវត្តិ ដែលត្រៀមបន្ដការប្រកួតនាចុងសប្ដាហ៍នេះ ដើម្បីស្វែងរកបេក្ខភាពពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីកំណត់ក្រុមជើងឯក និងក្រុម ដែលមានសិទ្ធិចូលរួមប្រកួតពានសម្ដេចតេជោ-ថ្នាក់ជាតិ ជាមួយក្លិបលីគកំពូលកម្ពុជាទាំង១៣ នាពេលខាងមុខ៕