(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រាប់មន្ដ្រី និងគ្រូអប់រំកាយ និងកីឡា រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមានឥទ្ធិពលសំខាន់ៗ៣ ក្នុងភាពជាអ្នកដឹកនាំ គឺត្រូវមានសុខភាពរាង្គកាយ ចំណេះជំនាញច្បាស់លាស់ និងមានគុណធម៌-សីលធម៌ជានិច្ច។

ការគូសបញ្ជាប់បែបនេះ ធ្វើឡើងក្នុងពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា តាមប្រព័ន្ធអនឡាញ(Zoom) នៅខេត្តកែប បន្ទាប់ពីដំណើរការសិក្សារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដែលមានមន្ដ្រី និងគ្រូអប់រំកាយ និងកីឡា ជាសិក្ខាកាមចូលរួមចំនួន ២៥នាក់។

អគ្គលេខាធិការ NOCC ខាងលើ បានចែករំលែកចំណេះដឹងជាច្រើន ដល់មន្ដ្រី និងគ្រូកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែប ព្រមទាំងបញ្ជ្រាបនូវយុទ្ធនការដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ឆ្លៀតឱកាសនោះ លោកក៏បានបញ្ជាក់អំពីអ្វី ដែលមន្ដ្រី និងគ្រូបង្វឹកត្រូវមាន ក្នុងនាមជាអ្នកដឹកនាំផងដែរ។

លោកថា ភាពជាអ្នកដឹកនាំ គេឲ្យគុណតម្លៃលើឥទ្ធិពលសំខាន់ ៣ ទី១-ឥទ្ធិពលសុខភាពរាង្គកាយ (ត្រូវមានសុខភាពល្អ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត បញ្ញា ស្មារតី...)។ ទី២-ឥទ្ធិពលចំណេះជំនាញ ត្រូវមានចំណេះដឹងទូទៅ និងជំនាញច្បាស់លាស់ តាមរយៈការខិតខំរៀនសូត្រ និងដុះខាត់ជំនាញបន្ថែម។ ទី៣-ឥទ្ធិពលគុណផល-សីលធម៌ ដែលជាកត្ដាដ៏សំខាន់ ហើយបើមានឥទ្ធិពលទាំងបី ទើបសបញ្ជាក់ថា ខ្លួនអាចក្លាយជាអ្នកដឹកនាំ ទាំងការដឹកនាំខ្លួនឯង និងការដឹកនាំគេ។

ក្រោយឆ្លងកាត់ការសិក្សារយៈពេល ៤ថ្ងៃ ស្ដីពីរដ្ឋបាលកីឡា ដែលឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិកខាងលើ ជាមួយគ្រូឧទ្ទេសមានបទពិសោធន៍ និងជំនាញច្បាស់លាស់ជាច្រើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលរំពឹងថា សិក្ខាកាមទាំងអស់ នឹងស្វែងយល់បានច្រើនអំពីទិដ្ឋភាពផ្សេងៗ ជុំវិញវិស័យកីឡា និងភាពជាអ្នកដឹកនាំ ដើម្បីចូលរួមផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យកីឡាជាតិ ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំវគ្គរដ្ឋបាលកីឡានេះឡើង បន្ទាប់ពីរៀបចំ ២លើកកន្លងមក នៅរាជធានីភ្នំពេញ និងខេត្តតាកែវ កាលពីថ្មីៗ ក្រោមកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា។ តាមការគ្រោងទុក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនេះលើកចុងក្រោយ ក្នុងឆ្នាំ២០២១ នេះ នៅខេត្តមណ្ឌលគិរី នាពេលឆាប់ៗខាងមុខ៕