(អាមេរិក)៖ សម្ព័ន្ធអន្តរជាតិនៃក្រុមការងារភាពយន្ត ហៅកាត់ថា IATSE បានប្រកាសឲ្យដឹងថា មានកម្មករភាពយន្តហូលីវូដ នៅទូទាំងអាមេរិក ប្រមាណ៦ម៉ឺននាក់ គ្រោងនឹងរួមគ្នាធ្វើកូដកម្មដ៏ធំមួយ នៅថ្ងៃច័ន្ទខាងមុខនេះ ប្រសិនបើពួកគេទាំងអស់នោះ មិនទទួលបានដំណោះស្រាយសមរម្យណាមួយ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ជាពិសេសគឺការបំពេញការងារយ៉ាងមមាញឹក និងទទួលបានកម្រៃទាប។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Guardian នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

លោក Matthew Loeb ប្រធាន IATSE បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ការធ្វើកូដកម្មនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ ខាងមុខ (ម៉ោងនៅអាមេរិក) ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយ ត្រូវបានធ្វើឡើងនោះទេ ខណៈកម្មករកុនទាំងនោះរួមមាន ក្រុមថត និងអ្នកផាត់មុខ ជាដើមនោះ បានទាមទារឲ្យមានការទទួលបានពេលវេលាសម្រាកសមរម្យ, ពេលវេលាសម្រាកហូបអាហារ និង ការដំឡើងប្រាក់ឈ្នួលបន្ថែម ដល់កម្មករកុនណាដែលមានប្រាក់ឈ្នួលទាបជាងគេ។

បច្ចុប្បន្ន អ្នកតំណាងកម្មករភាពយន្ត គឺសម្ព័ន្ធ IATSE កំពុងចរចារជាមួយផលិតកម្មភាពយន្តធំៗ អំពីការចង់បានរបស់កម្មករភាពយន្ត ប៉ុន្តែបើការចរចានោះបរាជ័យ គឺកូដកម្មនឹងត្រូវបានធ្វើឡើងតាមកាលកំណត់។ សម្ព័ន្ធ IATSE ចង់ឲ្យមានការកាត់បន្ថយម៉ោងធ្វើការ ដែលម៉ោងធ្វើការបច្ចុប្បន្ន អាចអូសបន្លាយរហូតដល់១៤ម៉ោងក្នុងមួយថ្ងៃ បន្ទាប់ពីតម្រូវការសម្រាប់កម្មវិធីទូរទស្សន៍ និងភាពយន្តមានការកើនឡើង។

គួរជម្រាបថា ប្រសិនបើកូដកម្ម ត្រូវបានធ្វើឡើងតាមកាលកំណត់មែននោះ គឺបានន័យថា វាជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រ រយៈពេល១២៨ឆ្នាំមកនេះ នៅសហរដ្ឋអាមេរិក ខណៈកូដកម្មនេះទៀតសោត នឹងក្លាយជាការបរាជ័យដ៏ធំមួយផងដែរ ក្នុងវិស័យភាពយន្តហូលីវូដ បន្ទាប់ពីបានងើបមុខឡើងវិញជាបណ្តើរៗ ក្រោយរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩។ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេ ពីលទ្ធផលនៃការចរចា ដើម្បីស្វែងរកដំណោះស្រាយនៃរឿងខាងលើនេះ៕