(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រឆ្នើមកម្ពុជា និងល្បីឈ្មោះនៅសាធារណរដ្ឋកូរ៉េ ស្រួង ភាវី បានបង្ហាញនូវមោទនភាព ក្រោយបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ក្រោយទទួលការគាំទ្រ និងអនុញ្ញាតឲ្យលោកស្រីរៀបចំការប្រកួតកីឡាប៊ីយ៉ាការ៉ុមថ្នាក់ជាតិប្រចាំប្រទេសកូរ៉េ ដោយប្រើប្រាស់ឈ្មោះរបស់លោកស្រីផ្ទាល់តែម្ដង។

កីឡាការិនីមានដើមកំណើតពីខេត្តត្បូងឃ្មុំខាងលើបានបញ្ជាក់ថា «ខ្ញុំពិតជាសប្បាយ និងមានមោទនភាពសម្រាប់ខ្លួនឯងណាស់។ វាជាប្រវត្តិសាស្ត្រថ្មីមួយ ដែលខ្ញុំជាកូនខ្មែរ ដែលបានបង្កើតឲ្យមានការប្រកួតកីទ្យា ប៊ីយ៉ាការ៉ុមថ្នាក់ជាតិប្រចាំប្រទេសកូរ៉េ ហើយក៏មានការគ្រាំទ្រពីលោកចៅហ្វាយខេត្តក្រុងឆង់ជូ អនុញ្ញាតឲ្យមានការប្រកួតនេះឡើង មានឈ្មោះនាងខ្ញុំ PHEAVY Q តំណាងឈ្មោះពាន និងមានការឧបត្ថម្ភធំពីស្ថានីយទូរទស្សន៍ HCN ផងដែរ។ ការប្រកួតចំណាយថវិកាអស់ ៥ម៉ឺនដុល្លារឯណោះ»។

គួរដឹងថា ការទទួលបានសិទ្ធិរៀបចំការប្រកួតថ្នាក់ជាតិលើទឹកដីកូរ៉េនេះ ក្រោយកីឡាការិនីឆ្នើមកម្ពុជាខាងលើ បានរៀបចំការប្រកួតលក្ខណៈស្ម័គ្រចិត្តដណ្ដើមពានរង្វាន់ ស្រួង ភាវី មួយកាលពីខែកញ្ញាកន្លងទៅ នៅក្លិបរបស់លោកស្រីផ្ទាល់ (នៅកូរ៉េខាងត្បូង) បញ្ចប់ដោយជោគជ័យ បន្ទាប់ពីទទួលបានការគាំទ្រ និងការចូលរួមដ៏ច្រើនពីកីឡាករ-កីឡាការិនីកូរ៉េ។ ដូច្នេះការរៀបចំការប្រកួតលក្ខណៈស្ម័គ្រចិត្តនោះ បានក្លាយជាស្ពានមួយ ជួយឲ្យលោកស្រីឈានទៅរៀបចំការប្រកួតថ្នាក់ជាតិនៅប្រទេសកូរ៉េ នាពេលខាងមុខ។

ម្ចាស់ពាន Blue One Resort LPBA Championship 2021 ដដែល បានចាត់ទុកនេះគឺជាជោគជ័យថ្មីមួយទៀត ក្នុងអាជីពកីឡាការិនីស្នូកឃ័រ (ប៊ីយ៉ាការ៉ុម) ដែលលោកស្រីអាចរៀបចំការប្រកួតថ្នាក់ជាតិដ៏ធំនៅកូរ៉េ ដោយប្រើឈ្មោះខ្លួនផ្ទាល់ ហើយក៏ជាការសម្រេចនូវក្ដីស្រមៃ ដែលលោកស្រីបានប៉ងផងដែរ។ លោកស្រីបានប្ដេជ្ញានឹងបន្ដការខិតខំប្រឹងបន្ថែមទៀត ដើម្បីនាំមកនូវមោទនភាពជូនជាតិ ទាំងការប្រកួត ការរៀបចំការប្រកួត និងការចូលរួមសកម្មភាពផ្សេងៗ ក្នុងនាមលោកស្រីជាកូនខ្មែរ ១រូបដែលកំពុងរស់នៅកូរ៉េ។

សូមបញ្ជាក់ថា រយៈពេលជាង ១០ឆ្នាំមកហើយ ដែលលោកស្រី ស្រួង ភាវី បានទៅរស់នៅសាធារណរដ្ឋកូរ៉េជាមួយស្វាមី។ បន្ទាប់មកលោកស្រីបានចាប់ផ្ដើមអាជីពជាកីឡាការិនីស្នូកឃ័រប្រភេទការ៉ុម និងបានកសាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺនៅកូរ៉េ និងកម្ពុជា តាមរយៈការដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍ធំៗជាច្រើននៅកូរ៉េ និងលើឆាកអន្ដរជាតិ ទាំងកម្រិតអាស៊ី និងជើងឯកពិភពលោក។ ជាក់ស្ដែងលោកស្រីក៏ជាអតីតម្ចាស់មេដាយសំរឹទ្ធពិភពលោក ឆ្នាំ២០១៨ នៅប្រទេសទួកគីផងដែរ៕