(ភ្នំពេញ)៖ ក្រោយការប្រកាសបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាកាលពីម្សិលមិញ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ច្បាស់ៗហើយថា ក្រុមហ៊ុននេះ នឹងត្រូវជំនួសឲ្យគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដែលជាស្ថាប័នមួយទទួលបានសិទ្ធិរៀបចំការប្រកួតលីគកំពូលកម្ពុជា (MCL) និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)។

បន្ទាប់ពីស្រាយចម្ងល់របស់អ្នកគាំទ្រអំពីបេសកកម្មរបស់ក្រុមហ៊ុនលីគ ដោយមន្ដ្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាខាងលើ ក៏មានចម្ងល់ថ្មីមួយទៀតបានលើកឡើងថា «តើ CNCC នឹងទៅណា ក្រោយវត្តមានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា? តើក្រុមការងារ CNCC នឹងត្រូវធ្វើការរួមគ្នាជាមួយក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ឬត្រូវរុះរើស ឬក៏ត្រូវរំសាយ ឬក៏យ៉ាងណា?»

ពាក់ព័ន្ធចម្ងល់នេះ លោក ខៀវ សាម៉េត បានពន្យល់ថា «កន្លែងហ្នឹងស៊ីសងលើនាយកប្រតិបត្តិថ្មី (លោក Satoshi) គាត់នឹងជ្រើសរើសបុគ្គលិកណា ដែលមានគុណភាពតាមតម្រូវការគាត់យកមកធ្វើការ ព្រោះយើងអត់រំសាយទេ គ្រាន់តែធ្វើការប្ដូរឈ្មោះ ហើយបើអ្នកណាធ្វើបាន គឺធ្វើ តែបើអ្នកណាធ្វើមិនទាន់បាន អាចគាត់បញ្ជូនទៅរៀនបន្ថែម។ យើងរក្សានូវអ្វីដែលមាន តែយើងនឹងបន្ថែមអ្វីដែលអត់ទាន់មាន ដើម្បីអភិវឌ្ឍបាល់ទាត់កម្ពុជា ព្រោះយើងដឹងហើយថា យើងនៅទីណាយើងដឹងខ្លួនយើង»

អនុប្រធាន FFC និងជាប្រធាន AFF ដដែលបន្ដថា «ដូចពេលយើងឈ្នះកោះហ្គាំ យើងសប្បាយ ប៉ុន្ដែដូចលោក Honda បាននិយាយហើយ យើងនៅទីណា យើងដឹងខ្លួនយើងហើយ អាហ្នឹងជាបញ្ហាសំខាន់។ យើងត្រូវតែហ៊ានលះបង់ថា យើងនៅទីណា យើងត្រូវធ្វើការកែប្រែ កែទម្រង់យ៉ាងម៉េច ដើម្បីចាប់យកឱកាសឲ្យឈ្នះគេ ដែលគាត់ចង់ឈ្នះប្រទេសជិតខាងយើង។ យើងទាំងអស់គ្នា ខ្ញុំជឿថា ទាំងប្រជាជន អ្នកគាំទ្រ ទាំងប្រធាន អ្នកណាក៏ដោយ គឺចង់ឈ្នះក្រុមខ្លាំង យើងអត់ចង់ឈ្នះក្រុមខ្សោយទេ»

លោក ខៀវ សាម៉េត បញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា បានចាប់ផ្ដើមធ្វើការបណ្ដើរៗហើយ បន្ទាប់ពីសហព័ន្ធតែងតាំងលោក Satoshi Saito ជានាយកប្រតិបត្តិ (CEO) កាលពីដើមខែតុលា។ អតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារក្លិប FC Barcelona និងជាទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) រូបនេះ ឥឡូវកំពុងស្ថិតនៅប្រទេសជប៉ុន និងទាក់ទងបណ្ដាក្រុមហ៊ុនជប៉ុនបណ្ដើរៗ។ តាមគ្រោងទុកលោកនឹងមកកម្ពុជា ជាមួយក្រុម U-23 កម្ពុជា ក្រោយបញ្ចប់ការប្រកួតជម្រុះ AFC U-23 Asian Cup 2022 ចុងខែនេះ។

ក្រឡេកទៅមើលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ដែលហៅកាត់ថា CNCC និងមានលោក ឌី វិជ្ជា ជាប្រធានគណៈកម្មការនាយក ត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០១៧ ដើម្បីទទួលបន្ទុករៀបចំការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ក៏ដូចជាពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដែលគិតរហូតមកដល់ឆ្នាំ២០២១ នេះ គឺមានរយៈពេល ៥រដូវកាលមកហើយ ដែលស្ថាប័នមួយនេះបានដំណើរការរៀបចំការប្រកួត ក្រោមការឃ្លាំមើល និងអធិការកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕