(ដូហា)៖ យ៉ាងហោចណាស់មានកីឡាការិនីបាល់ទាត់របស់អាហ្កានីស្ថាន ចំនួន ១០០នាក់ បូករួមទាំងក្រុមជម្រើសជាតិផងនោះ ត្រូវបានជម្លៀសពីមាតុភូមិ តាមរយៈជើងហោះហើរទៅទីក្រុងដូហា ប្រទេសកាតារ កាលពីថ្ងៃព្រហស្បត្តិ៍ ក្រោយទឹកដីពួកគេត្រូវបានគ្រប់គ្រងដោយក្រុមតាលីបង់។ នេះបើតាមការបញ្ជាក់ របស់រដ្ឋាភិបាលកាតារ ដែលត្រូវបានដកស្រង់ការផ្សាយដោយសារព័ត៌មានអន្តរជាតិ នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

ពួកគេត្រូវបានជួយសង្គ្រោះ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលកាតារ។ លោកស្រី Lolwah Al-Khater ដែលជាជំនួយការរបស់រដ្ឋមន្ត្រីការបរទេសកាតារ បានបញ្ជាក់តាមរយៈបណ្តាញ Twitter យ៉ាងដូច្នេះថា៖ «កីឡាការិនីបាល់ទាត់ ប្រមាណ ១០០នាក់ និងគ្រួសារពួកគេ គឺស្ថិតនៅក្នុងការជួយ»

បើតាម Sky Sports News បានរាយការណ៍ថា ក្រុមកីឡាការិនី ដែលត្រូវបានជម្លៀសនោះ ក៏មាន ២០នាក់ ជាអ្នកលេងឲ្យជម្រើសជាតិផងដែរ។ កីឡាការិនីទាំងអស់ និងអ្នកសម្របសម្រួលផងនោះ ត្រូវបានយកទៅធ្វើតេស្តរកកូវីដ១៩ ជាមុនសិន តែមិនទាន់មានការបញ្ជាក់ថា ពួកគេនឹងត្រូវស្នាក់នៅប្រទេសកាតារ យូរបានប៉ុនណានោះដែរ។

កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ ក្រុមតាលីបង់បានកាន់កាប់ក្រុងកាប៊ុល ហើយភ្លាមៗនោះ ក្រុមកីឡាការិនីអាហ្វហ្កានីស្ថាន បានអំពាវនាវឲ្យសង្គ្រោះពួកគេ ដោយនិយាយថា ពួកគេមានការភ័យខ្លាច។ មានកីឡាការិនីមួយចំនួន ក៏បានភៀសខ្លួនជាបន្តបន្ទាប់ ចេញពីប្រទេសរួចហើយ ដើម្បីសុំសិទ្ធិជ្រកកោន។

យ៉ាងនេះក្តី ក្រុមតាលីបង់បានប្រកាសពីការគោរពសិទ្ធិស្ត្រី ប៉ុន្តែប្រជាជនអាហ្វហ្គានីស្ថានមួយចំនួន ដែលមិនទុកចិត្តដោយខ្លួនឯងថា ពួកគេនឹងមិនរក្សាសន្យា ក៏នាំគ្នាប៉ងរត់គេចពីប្រទេសនេះ។ អ្នកនាំពាក្យក្រុមតាលីបង់បានសន្យាថា ក្រុមរបស់ខ្លួននឹងគោរពសិទ្ធិស្ត្រី ដោយអនុលោមតាមច្បាប់សាសនាអ៉ីស្លាមយ៉ាងល្អិតល្អន់ ហើយក្រុមតាលីបង់ ថែមទាំងជំរុញឲ្យស្ត្រីឲ្យចូលធ្វើការ និងអនុញ្ញាតឲ្យស្ត្រីអាចទៅសាលាបានផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិស្ត្រីវិញ ពេលក្រុមតាលីបង់ កាន់កាប់អំណាចនៅរដ្ឋធានីកាលប៊ុល លើកដំបូង នាឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ មុនពេលសហរដ្ឋអាមេរិកឈ្លានពានដូចសព្វថ្ងៃនេះ បណ្តាញសារព័ត៌មានអាមេរិក និងលោកខាងលិចបានវាយប្រហារថា ក្រុមតាលីបង់រំលោភសិទ្ធិស្ត្រី តាមរយៈមិនអនុញ្ញាតឲ្យពួកគេទៅសិក្សា ទៅធ្វើការ ឬទទួលបានការព្យាបាលដោយពេទ្យបុរស លើកលែងតែមានបុរសទៅជាមួយ ស្របពេលក្រុមតាលីបង់ថាខ្លួនយកច្បាប់អ៉ីស្លាមដ៏ល្អ មកដឹកនាំប្រទេស ដូចពួកអារ៉ាប់ក៏ដោយ៕