(ញ៉ូវខាសល)៖ អ្នកចាត់ការក្លិប Newcastle លោក Steve Bruce នឹងនៅបន្តទទួលបន្ទុកដឹកនាំការប្រកួត នៅចុងសប្តាហ៍នេះ ដែលត្រូវប៉ះជាមួយក្រុម Tottenham Hotspur, នេះបើតាមការបញ្ជាក់ពីក្លិប លេងនៅលីគកំពូលអង់គ្លេស Premier League មួយនេះ, ដែលនឹងអនុញ្ញាតឲ្យលោក ឈានដល់ការប្រកួតអាជីព លើកទី១,០០០របស់លោក ក្នុងនាមជាអ្នកចាត់ការ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ។

ការប៉ាន់ស្មានបានកើនឡើងយ៉ាងខ្លាំងថា លោក Bruce នឹងលែងមានតួនាទីបន្តទៀត បន្ទាប់ពីក្លិបត្រូវបានគ្រប់គ្រង ដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ប៉ុន្តែប្រធានថ្មីរបស់ក្លិប លោកស្រី Amanda Staveley បាននិយាយថា ពួកគេនឹងអត់ធ្មត់។

«ការផ្លាស់ប្តូរ មិនតែងតែកើតឡើងតែមួយយប់នោះទេ, វាទាមទារពេលវេលា ហើយយើងធ្វើតាមផែនការ និងយុទ្ធសាស្ត្រ ដែលបានពិចារណា យ៉ាងយកចិត្តទុកដាក់», នេះបើតាមសម្តីលោកស្រី Staveley នៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលការប្រកួត នាថ្ងៃអាទិត្យសប្តាហ៍នេះ។

«យើងបានជួបលោក Steve និងកីឡាករ កាលពីថ្ងៃចន្ទ ហើយបានផ្តល់ពេលវេលា និងកន្លែងសម្រាប់ពួកគេ នៅសប្តាហ៍នេះ ដើម្បីផ្តោតលើការរៀបចំ សម្រាប់ការប្រកួតដ៏សំខាន់មួយ នៅថ្ងៃអាទិត្យ»។

«Steve មានជំនាញវិជ្ជាជីវៈយ៉ាងខ្លាំង ហើយគាត់និងក្រុមគ្រូបង្វឹករបស់គាត់ នឹងដឹកនាំក្រុម នៅថ្ងៃអាទិត្យនេះ។ ប្រសិនបើយើងធ្វើការផ្លាស់ប្តូរណាមួយ នៅពេលខាងមុខ លោក Steve នឹងក្លាយជាអ្នកដំបូងគេ ដែលបានដឹង», នេះបើតាមលោកស្រី Staveley បានបន្ថែម។

សូមជម្រាបថា Newcastle កំពុងស្ថិតនៅលំដាប់ទី១៩ បន្ទាប់ពីឆ្លងកាត់៧ប្រកួត ហើយពុំទាន់បានទទួលជ័យជំនះ នៅឡើយនោះទេ ក្នុងរដូវកាលនេះ៕