(ប៉ារីស)៖ ទ្រង់ នរោត្តម រ៉ាវីចក្រ ដែលជាសែស្រឡាយរាជវង្សកម្ពុជា គ្រោងនឹងដកខ្លួនចេញពីការដេញថ្លៃទិញយកក្លិបបាល់ទាត់ AS Saint-Étienne ដែលជាក្លិបលេងនៅលីគកំពូលបារាំង Lique 1។ នេះបើយោងតាមសារព័ត៌មានបារាំង។

បើតាមសារព័ត៌មានកីឡាដ៏ល្បីនៅបារាំង L’Équipe បានរាយការណ៍ថា «ព្រះអង្គម្ចាស់ខ្មែរដែលបានដាក់សំណើដេញថ្លៃយកកម្មសិទ្ធិរបស់ Saint-Étienne គ្រោងនឹងប្រកាសពីការដកខ្លួនរបស់ព្រះអង្គវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ»

ទ្រង់ រ៉ាវីចក្រ ក៏ត្រូវបានគេនិយាយថា កំពុងបង្កើនការប្រុងប្រយ័ត្នចំពោះគម្រោងនេះ ដោយសារតែការចាប់ផ្តើមរដូវកាលរបស់ក្លិបរហស្សនាម Les Verts មិនល្អឡើយ គឺស្ថិតក្នុងចំណាត់ថ្នាក់លេខ២០ និងមានការកើនឡើងនៃការតវ៉ារបស់អ្នកគាំទ្រនៅរដូវកាលនេះផងដែរ។

ទ្រង់ នរោត្តម រ៉ាវីចក្រ ដែលជាក្មួយប្រុសរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចូលរួមដេញថ្លៃទិញក្លិបជើងឯក ១០សម័យកាលនៅបារាំង ដែលជាក្លិបត្រូវបានគេស្គាល់ជាទូទៅថា Les Verts កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០០១។

ទ្រង់ នរោត្តម រ៉ាវីចក្រ ដែលមានវ័យ ៤៧ឆ្នាំ ធ្លាប់ប្រាប់សារព័ត៌មានបរទេសថា «ខ្ញុំជាបេក្ខជនម្នាក់ក្នុងការទិញយក Saint-Etienne» ដោយទ្រង់សន្យាថានឹង «មើលថែ Saint-Etienne ឱ្យបានល្អ និងសន្យាវិនិយោគរយៈពេលវែង» នៅក្នុងក្លិបនេះផងដែរ។

Saint-Etienne កំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយបើមិនមានដំណោះស្រាយទេ ក្លិបនឹងអាចធ្លាក់ទៅកាន់លីគទី២ របស់បារាំងវិញ ខណៈដែលខ្លួនក៏កំពុងស្ថិតក្នុងលេខរៀងទី២០ នៃលីគទី១ របស់បារាំងទៅហើយ និងបានដាក់លក់តាំងពីដើមខែមេសា ឆ្នាំ២០២១ មកម្ល៉េះ។

អ្នកគាំទ្រក្លិបបានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះដំណឹងនេះ ហើយអ្នកស្រលាញ់កីឡារបស់កម្ពុជា ធ្លាប់បង្ហាញក្តីរីករាយដោយសាររំពឹងថា ទង់ជាតិកម្ពុជាគ្រោងនឹងលេចលើឆាកអន្តរជាតិកាន់តែខ្លាំង៕