(ភ្នំពេញ)៖ លោក Keisuke Honda បានធ្វើដំណើរជាង ៥ពាន់គីឡូម៉េត្រពីប្រទេសបារ៉ែន ទៅប្រទេសលីទុយអានីភ្លាមៗ ក្រោយដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទម្លាក់កោះហ្គាំរបស់សហរដ្ឋអាមេរិក ដោយលទ្ធផល ៣-១ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 ដើម្បីជួយក្លិបរបស់ខ្លួនវិញ FK Suduva ដែលបានប្រកួតស្មើក្រុមភ្ញៀវ FK Riteriai ១-១ កាលពីយប់មិញ។

ទោះបីមានភារកិច្ចដឹកនាំក្រុមគោព្រៃកម្ពុជា ត្រូវខកខានហ្វឹកកហាត់ជាមួយមិត្តរួមក្រុម និងត្រូវចំណាយពេលធ្វើដំណើរវែអឆ្ងាយក៏ពិតមែន តែអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នៅតែទទួលបានការទុកចិត្តពីគ្រូបង្វឹក លេងក្នុងជម្រើស ១១នាក់ដំបូង គ្រាដែលការប្រកួតលើកទី៣០ ក្នុងក្របខណ្ឌលីគកំពូលលីទុយអានី (A Lyga) នេះ Suduva បានត្រឹមចែក ១ពិន្ទុម្នាក់ជាមួយ Riteriai ប៉ុណ្ណោះ។

នេះគឺជាការបង្ហាញខ្លួនលើកទី៣ ឲ្យក្លិប Suduva របស់ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំខាងលើ ខណៈ ២ប្រកួតដំបូង លោក Honda រកបាន ១គ្រាប់ក្នុងជ័យជម្នះ ៤-០ លើក្លិប Banga Gargzdai និងប្រកួតទី២ ស្មើក្លិប Panevezys ១-១ កាលពីដើមខែតុលា មុនលោកធ្វើដំណើរទៅបារ៉ែន ដើម្បីដឹកនាំក្រុមកម្ពុជា ប្រកួតជម្រុះ Play-Off នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី ជាមួយកោះហ្គាំ ដោយយកឈ្នះ ១-០ នៅជើងទី១ និងឈ្នះ ២-១ នៅជើងទី២។

បច្ចុប្បន្នក្លិប Suduva កំពុងឈរកំពូលតារាង A Lyga មាន ៦៣ពិន្ទុ តាមពីក្រោយដោយក្រុម Zalgiris មាន ៥៩ពិន្ទុ តែក្រុមការពារតំណែងជើងឯកនេះ សល់ ២ប្រកួតក្នុងដៃទៀត។ ឯប្រកួតបន្ទាប់ ក្រុមខ្លាំងទាំងពីរ នឹងត្រូវជួបគ្នានាថ្ងៃទី២៨ ខែតុលាខាងមុខ។ ការណ៍នេះទំនងធ្វើឲ្យលោក Honda ពិបាកក្នុងការធ្វើដំណើរទៅដឹកនាំក្រុមជម្រើសជាតិ U-23 កម្ពុជា ដែលត្រូវប្រកួតជម្រុះពានរង្វាន់ AFC U-23 Asian Cup 2022 នៅជប៉ុន នាសប្ដាហ៍ក្រោយ។

ចំពោះការប្រកួតជម្រុះពានរង្វាន់ AFC U-23 Asian Cup 2022 ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U-23 ហុងកុង នាថ្ងៃទី២៣-តុលា មុនជួបក្រុមម្ចាស់ផ្ទះ U-23 ជប៉ុននាថ្ងៃទី២៦-តុលា។ ដូច្នេះចាំមើលតើលោក Keisuke Honda នឹងអាចឆ្លៀតពេលដ៏មមាញឹកនេះ ដើម្បីទៅដឹកនាំក្រុម U-23 កម្ពុជាផ្ទាល់ នៅប្រទេសកំណើតរបស់លោក ពិសេសដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិ U-23 ជប៉ុន នាពេលដ៏ខ្លីខាងមុខនេះបានដែលឬទេ?