(ភ្នំពេញ)៖ តារាចម្រៀង ករុណា ពេជ្រ ដែលមានឈ្មោះពិតថា ម៉ុក ករុណា បានសម្ដែងនូវក្ដីដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក ពោលគឺការទទួលមរណភាពឪពុករបស់លោកផ្ទាល់តែម្ដង។

ថ្លែងប្រាប់ Fres News Plus តាមរយៈសារអេឡិចត្រូនិច តារាចម្រៀង ករុណា ពេជ្រ បានប្រាប់ថា លោកពិតជាមានមោទនភាព និងកិត្តិយសណាស់ដែលបានប្រមុខថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺសម្ដេចតេជោ និងសម្ដចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ។ លោកគ្មានអ្វីក្រៅពីលើកម្រាមដៃដប់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចទាំងទ្វេ ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់កិត្តិយសយ៉ាងធំធេង ដល់គ្រួសាររបស់លោក។

ករុណា ពេជ្រ បញ្ជាក់ថា «ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ មហាកិត្តិយស សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសប៉ារបស់ខ្ញុំនាពេលនេះ។ ខ្ញុំមានតែលុតជង្គង់ លើកម្រាមដៃដប់សំពះអរគុណ គោរព និងថ្លែងអំណរគុណ នូវមហាកិត្តិយស ជំនួសប៉ារបស់ខ្ញុំដែលកំពុងលាចាកលោកនាពេលនេះ ចំពោះសាររំលែកទុក្ខ ដ៏មហាកក់ក្តៅចំពោះក្រុមគ្រួសារខ្ញុំ ពីសំណាក់លោកពូជាទីគោរព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកមីងជាទីគោរព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។ ទន្ទឹមនឹងនេះផងដែរ អនុញ្ញាត្តិឲ្យខ្ញុំ សូមលើកម្រាមដៃដប់សារជាថ្មី បួងសួងទេវតា ព្រះបារមីគ្រប់ទិសទី តាមថែរក្សាសម្តេចទាំងទ្វេរ និងក្រុមគ្រួសារ មានតែភាពជោគជ័យ ប្រកបដោយសេចក្តីសុខ ជ័យជំនះ ជាពិសេសសូមមានសុខភាពល្អដើម្បីជាម្លប់ ដល់បុត្រា បុត្រី ចៅ ចៅទួត ជាពិសេសប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមជួបតែសុខ និងសន្តិភាព ជារៀងរហូត…»

លោក ករុណា ពេជ្រ បន្តទៀតថា អារម្មណ៍ពិតរបស់លោក នាពេលបានឃើញសាររំលែកទុក្ខដ៏មហាកិត្តិយសមួយនេះភ្លាម លោកពិតជារំភើបហូរទឹកភ្នែកមិនដឹងខ្លួន សម្រាប់មហាកិត្តិយសរបស់ប៉ាខ្លួន យ៉ាងក្រៃលែង ប៉ុន្តែអ្វីដែលលោកអាចធ្វើបាននាពេលនេះ មានតែលោករត់ទៅអុជធូប ប្រាប់ដល់ប៉ាឲ្យបានដឹងតាមរយៈផ្សែងធូប ហើយសង្ឃឹមថា ប៉ារបស់លោកដឹង ហើយកំពុងញញឹម ទទួលយកនូវមហាកិត្តិយសដ៏ធំធេង នាពេលនេះ។

សូមបញ្ជាក់ថា ឪពុកបង្កើតរបស់តារាចម្រៀង ករុណា ពេជ្រ លោក ម៉ុក សាខន បានទទួលមរណភាព កាលពីវេលាម៉ោង៨៖០២នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយសារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល។ ដំណឹងដ៏សោកសៅនេះ មហាជនបានសង្កេតឃើញមិត្តភក្តិជាអ្នកសិល្បៈ អ្នកធ្លាប់អាប់អានគ្នា ជាមួយនឹងតារាចម្រៀង ករុណា ពេជ្រ បានចូលរួមរំលែកទុក្ខនេះជាហូរហែផងដែរ៕