(ភ្នំពេញ)៖ នៅលើភពផែនដីយើង មានខ្សែបន្ទាត់អរូបីមួយគេហៅថា International Date Line (IDL) ដែលត្រូវបានបង្កើតឡើងសម្រាប់ការកំណត់ព្រំដែនរវាង «ថ្ងៃថ្មី» និង «ថ្ងៃចាស់»។ តើខ្សែបន្ទាត់ International Date Line ស្ថិតនៅត្រង់ណា កាត់កន្លែងណាខ្លះ?

banner

ខ្សែបន្ទាត់ International Date Line នេះស្ថិតនៅចំខ្សែស្របទី១៨០ ចន្លោះរវាងដែនដីឈូកូតកា (Chukotka) របស់ប្រទេសរុស្ស៉ី និងរដ្ឋអាឡាស្កា (Alaska) របស់សហរដ្ឋអាមេរិក កាត់ចំកណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក។ ប្រសិនបើមើលនៅលើភូគោល ឬផែនទីពិភពលោក ឬ Google Map គេចាប់ផ្តើមរាប់ថ្ងៃថ្មីពីខ្សែបន្ទាត់នេះ ដេញមកខាងឆ្វេងដៃ គឺដូចជាដំណើររង្វិលខ្ញាល់របស់ផែនដីដែរ ខណៈអ្វីៗដែលនៅខាងស្តាំដៃនៃខ្សែបន្ទាត់នោះ គឺជាថ្ងៃចាស់។ ឧទាហរណ៍ នៅខាងឆ្វេងចូលដល់ថ្ងៃអង្គារ នៅថ្ងៃស្តាំវិញ គឺនៅថ្ងៃចន្ទនៅឡើយទេ។ ផ្នែកខ្លះនៃខ្សែបន្ទាត់ International Date Line នេះ គឺត្រង់ ប៉ុន្តែផ្នែកខ្លះទៀត មិនត្រង់នោះឡើយ។

* ហេតុអ្វីបានជាខ្សែបន្ទាត់ IDL នោះមិនត្រង់ស្មើ ដូចខ្សែស្របទី១៨០តែម្តង?

ខ្សែបន្ទាត់ International Date Line ឬខ្សែ IDL រត់ពីប៉ូលខាងជើងទៅកាន់ប៉ូលខាងត្បូងនៃផែនដី ហើយបែកចែករវាងអឌ្ឍគោលខាងលិច និងអឌ្ឍគោលខាងកើត ប៉ុន្តែវាមិនរត់ត្រង់ស្មើតែម្តងឡើយ គឺកន្លែងខ្លះត្រូវបញ្ឆិតទៅនេះបន្តិចទៅនោះបន្តិច។ មូលហេតុគឺដោយសារតែដើម្បីបញ្ចៀសកុំឲ្យប៉ះពាល់ដល់ព្រំដែនប្រទេសមួយចំនួន ដូចជា រុស្ស៉ី សហរដ្ឋអាមេរិកជាដើម។ ព្រោះថាបើវាត្រង់តាមខ្សែស្របទី១៨០តែម្តង នោះរុស្ស៉ី និងអាមេរិក ក៏ដូចជាប្រទេសប្រជុំកោះនៅមហាសមុទ្រប៉ាស៉ីហ្វិកនឹងមានដែនដីខ្លះស្ថិតនៅថ្ងៃខុសគ្នា។ ប្រទេសទាំងនេះមិនចង់ឱ្យដែនដីរបស់ខ្លួនស្ថិតក្នុងថ្ងៃខុសគ្នានោះឡើយ។

* តើនឹងមានអ្វីកើតឡើង នៅពេលអ្នកធ្វើដំណើរឆ្លងខ្សែបន្ទាត់ IDL?

នៅពេលដែលអ្នកធ្វើដំណើរឆ្លងខ្សែបន្ទាត់ IDL ពីខាងលិចចូលទៅកាន់ខាងកើត នោះអ្នកត្រូវតែដក១ថ្ងៃចេញ ហើយប្រសិនបើអ្នកឆ្លងពីខាងកើត ចូលមកខាងលិចវិញ គឺត្រូវបូកបន្ថែមមួយថ្ងៃ។ យ៉ាងណាមិញ ភាពខុសគ្នានៃពេលវេលានៅផ្នែកទាំងសងខាងនៃខ្សែបន្ទាត់ IDL គឺមិនមែន២៤ម៉ោងរហូតឡើយ ព្រោះក៏ត្រូវគិតមើលអំពីកត្តាល្វែងម៉ោង (Time Zone) ថែមទៀតដែរ។

* ខ្សែបន្ទាត់ IDL ពុំត្រូវបានកំណត់ដោយច្បាប់អន្តរជាតិនោះទេ

ប្រទេសនានានៅក្បែរខ្សែបន្ទាត់ IDL មានសិទ្ធិក្នុងការជ្រើសរើសនូវ «ថ្ងៃ» និង «ល្វែងម៉ោង» ដែលពួកគេចង់បានដោយសេរី។ ឧទាហរណ៍ នៅពេលសាធារណរដ្ឋគិរីបាទី (Kiribati) ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៧៩ ផ្នែកខ្លះនៃប្រទេសប្រជុំកោះដែលលាតសន្ធឹងយ៉ាងវែងនេះ គឺស្ថិតនៅចំហៀងខុសគ្នានៃខ្សែបន្ទាត់ IDL។ ដូច្នេះហើយប្រទេសនេះបានសម្រេចរំកិលបន្ទាត់ IDL ទៅខាងស្តាំឱ្យផុតតែម្តង ដើម្បីឱ្យប្រទេសខ្លួនទាំងមូលស្ថិតនៅខាងឆ្វេងដៃនៃខ្សែបន្ទាត់ កាលពីដើមឆ្នាំ១៩៩៥។ ចាប់តាំងពីនោះមក ប្រទេសគិរីបាទីបានក្លាយជាប្រទេសដែលឆ្លងចូលថ្ងៃ ឬឆ្នាំថ្មីមុនគេ។

នៅឆ្នាំ២០១១ ប្រទេសដីកោះសាម័រ (Samoa) បានផ្លាស់ប្តូរពីល្វែងម៉ោង GMT-11 ទៅ GMT+13 វិញ តាមរយៈការរំកិលបន្ទាត់ IDL ទៅខាងស្តាំ ធ្វើឱ្យប្រទេសខ្លួនមកនៅខាងឆ្វេងនៃខ្សែបន្ទាត់វិញ។ ប្រទេសសាម័របានសម្រេចធ្វើបែបនេះ ដើម្បីសម្របសម្រួលការធ្វើពាណិជ្ជកម្មជាមួយអូស្រ្តាលី និងនូវែលសេឡង់ ហើយប្រទេសដីកោះមួយទៀតគឺតូឃេលូ (Tokelau) ក៏បានធ្វើតាមប្រទេសសាម័រក្រោមហេតុផលដូចគ្នាផងដែរ។

* ខ្សែបន្ទាត់ IDL ត្រូវបានគូសឡើងតាំងពីពេលណា?

ខ្សែស្របទី១៨០ ត្រូវបានជ្រើសរើសធ្វើជាទីតាំងនៃខ្សែ IDL ដោយសារតែវារត់កាត់ចំកណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក ដែលមិនសូវមានមនុស្សរស់នៅច្រើនឡើយ ហើយវានៅមួយចំហៀងម្ខាងទៀតនៃផែនដី បើធៀបជាមួយខ្សែស្របទី០ នៅសង្កាត់ហ្គ្រីននិច (Greenwich) នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលជាចំណុចកំណត់ម៉ោងសកល GMT (Greenwich Mean Time Zone)។

គួរជម្រាបថា ទាំងខ្សែ International Date Line ទាំងម៉ោងសកល GMT រួមនិងល្វែងម៉ោងទាំង២៤ គឺត្រូវបានបង្កើតឡើងនៅអំឡុងសន្និសីទអន្តរជាតិមួយហៅថា International Meridian Conference ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ១៨៨៤ នៅសហរដ្ឋអាមេរិក ក្រោមការចូលរួមពីប្រទេសចំនួន២៦៕