(ភ្នំពេញ)៖ នៅប្រទេសកម្ពុជា វាមិនមែនជារឿងចម្លែកទេ នៅពេលដែលគេឮគូស្វាមីភរិយាវ័យក្មេងជជែកគ្នាអំពីការទិញលំនៅដ្ឋាន។ ស្របពេលដែលការទិញអចលនៈទ្រព្យ អាចជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបំផុត របស់មនុស្សជាច្រើននៅក្នុងជីវិតរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា វាមានអត្ថន័យលើសពីការដែលមានផ្ទះស្នាក់នៅ។

ចំពោះប្រជាជនកម្ពុជា ជាទូទៅ ការមានផ្ទះសម្បែងជាកម្មសិទ្ធមានតម្លៃជានិមិត្តរូបនិងអារម្មណ៍ដ៏សំខាន់ រួមជាមួយអារម្មណ៍នៃសន្តិសុខនិងឯករាជ្យភាព។ វាក៏ជាកន្លែងដែលគ្រួសារត្រូវបានបង្កើតឡើង កូនៗចម្រើនវ័យធំធាត់ និងបង្កើតអនុស្សាវរីយ៍ជាច្រើន។

ទន្ទឹមនឹងនោះ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ជាប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជ ឈីហ្វ (Chief (Cambodia) Commercial Bank Plc)បានមានប្រសាសន៍ប្រាប់ AMAZADIA ដែលជាសារព័ត៌មានឌីជីថលដើម្បីការអប់រំ ថា៖ «ការទិញផ្ទះក៏ជាការវិនិយោគដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជា ។ ម្យ៉ាងទៀត នៅពេលដែលប្រជាជនភាគច្រើន នៅក្នុងប្រទេសមួយមានលំនៅដ្ឋានសមរម្យ មានអត្ថប្រយោជន៍យ៉ាងច្រើន ដល់សង្គមព្រោះ វាជាការលើកកម្ពស់មុខមាត់ប្រទេសរបស់យើង»

កត្តាទាំងអស់នេះហើយ ដែលបានជំរុញឱ្យធនាគារឈីហ្វ ជាធនាគារពាណិជ្ជដែលមានសេវាកម្មហិរញ្ញវត្ថុឈានមុខគេ និងធនធានមនុស្សដ៏ឆ្នើម បង្កើតសេវាកម្មផ្តល់ប្រាក់កម្ចីទិញផ្ទះ ដើម្បីជួយសម្រេចក្តីស្រមៃរបស់អតិថិជនក្នុងស្រុក។

យោងតាមលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ សេវាកម្មប្រាក់កម្ចីទិញផ្ទះនៅធនាគារឈីហ្វ មានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អតិថិជន។ ទីមួយ ធនាគារនេះទទួលយកទាំងប្លង់រឹងនិងប្លង់ទន់ជាវត្ថុបញ្ចាំ ខណៈធនាគារខ្លះទទួលយកតែប្លង់រឹង ប៉ុណ្ណោះ ។

លោកបណ្ឌិតមានប្រសាសន៍ថា៖ «ទីពីរយើងមិនមានការកំណត់រយៈបង់ផ្តាច់នោះទេ មានន័យថា អតិថិជនមិនប្រឈមមុខនឹងពេលវេលាកំណត់ក្នុងការសងប្រាក់កម្ចីរបស់ពួកគាត់ទេឡើយ ។ ឧទាហរណ៍ថា ប្រសិនបើអតិថិជនយកប្រាក់កម្ចីទិញផ្ទះពីធនាគារឈីហ្វ គាត់ត្រូវបានអនុញ្ញាតឱ្យសងផ្តាច់ប្រាក់កម្ចីនៅពេលណាដែលពួកគេចង់សង»។

លោកបន្តថា៖ «ពួកគាត់ត្រូវបានអនុញ្ញាតឱ្យបង់ប្រាក់ដើមតាមដែលអាចធ្វើទៅបានដោយមិនចាំបាច់ប្រឈមមុខនឹងការផាកពិន័យឡើយ»

ធនាគារឈីហ្វ ក៏មិនមានការផាកពិន័យដល់អតិថិជនដែរ នៅពេលពួកគេសងប្រាក់កម្ចីមុនកាលកំណត់ ឬជាសងផ្នែកខ្លះនៃប្រាក់ដើម ដែលម៉ូរ៉ារិទ្ធបានពិពណ៌នាថា ជាគុណសម្បត្តិមួយដែលអនុញ្ញាតឱ្យពួកគាត់ មានសាច់ប្រាក់បន្ថែមទៀត សម្រាប់ប្រតិបត្តិការអាជីវកម្មសងប្រាក់កម្ចីផ្សេងទៀត ឬសន្សំប្រាក់សម្រាប់ការអប់រំរបស់កូនៗ របស់ពួកគាត់ ។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បន្ថែមថា៖ «យើងក៏អនុញ្ញាតឱ្យពួកគេស្នើសុំរៀបចំឥណទានឡើងវិញផងដែរ ។ អតិថិជនអាចស្នើសុំពន្យារពេលកាលបរិច្ឆេទសងដែលមានចែងក្នុងកិច្ចសន្យា ឧទាហរណ៍នៅពេលពួកគេទទួលបានការទូទាត់យឺតយ៉ាវជាដើម»

បន្ថែមពីលើការផ្តោតសំខាន់ទៅលើអតិថិជន ដែលផ្តល់អតិភាពដល់តម្រូវការអតិថិជនលើសពីតម្រូវការអាជីវកម្ម ប្រសិទ្ធភាពតែងតែឈរលើស្នូលនៃប្រតិបត្តិការរបស់ប្រធានធនាគារ ដែលនោះហើយជាមូលហេតុ ដែលធនាគារតែងតែធានាបាននូវការអនុម័តឆាប់រហ័ស ចំពោះប្រាក់កម្ចីទិញផ្ទះ ក៏ដូចជាសេវាកម្មឥណទានផ្សេងទៀត។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ មានប្រសាសន៍ថា៖ «យើងអាចនិយាយថា វាមិនលើសពី ២ សប្តាហ៍ទេដែលអតិថិជនទទួលបានការឆ្លើយតបវិជ្ជមានឬអវិជ្ជមាន។ ទោះយ៉ាងណា វាក៏អាស្រ័យផលដែរទៅលើចំណាត់ថ្នាក់ឥណទានរបស់ពួកគាត់ ។ ប្រសិនបើលក្ខខណ្ឌរបស់អតិថិជន សមស្របតាមគំរូឥណទាន យើងនឹងអនុម័តលើសំណើប្រាក់កម្ចីរបស់ពួកគេ»

នៅធនាគារឈីហ្វ អតិថិជនត្រូវការបំពេញលក្ខខណ្ឌអប្បបរមាមួយចំនួនប៉ុណ្ណោះ ដើម្បីដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ។ ទីមួយពួកគាត់ត្រូវផ្តល់ការអនុញ្ញាតឱ្យធនាគារពិនិត្យមើលប្រវត្តិហិរញ្ញវត្ថុ របស់ពួកគេដែលជាដំណើរការដែលគេហៅថា «CBC Checking» ។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ពន្យល់ទៀតថា៖ «អតិថិជនក៏ត្រូវផ្តល់ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងអត្តសញ្ញាណប័ណ្ណរបស់អ្នកដែលទាក់ទងនឹងប្រាក់កម្ចី ក៏ដូចជាកិច្ចសន្យាសម្រាប់ប្រាក់កក់ សម្រាប់ផ្ទះដែលពួកគេចង់ទិញ ឬ ព័ត៌មានអំពីតម្លៃ។ ជាចុងក្រោយពួកគេនឹងត្រូវផ្តល់ភស្តុតាង នៃប្រាក់ចំណូលដូចជាលិខិតបញ្ជាក់ប្រាក់ខែ កិច្ចសន្យាជួល (ប្រសិនបើពួកគេមានទ្រព្យសម្បត្តិជួល) របាយការណ៍ចំណូលនិងចំណាយ (ប្រសិនបើពួកគេមានអាជីវកម្ម) ក្នុងរយៈពេលប្រាំមួយខែចុងក្រោយ»

លោកបន្តថា៖ «នៅពេលអតិថិជនបំពេញលក្ខខណ្ឌទាំងអស់រួចហើយ ជំហានចុងក្រោយគឺការវិភាគឥណទាន ដោយធនាគារដែលជាតម្រូវការសំខាន់សម្រាប់កម្ចីទិញផ្ទះ ។ ការប្រាក់ប្រកួតប្រជែងរបស់យើង អាចលៃតម្រូវបានអាស្រ័យលើទំហំឥណទាន»

លោកបន្ថែមថា៖ «ជាទូទៅ វាមានចន្លោះពី ៩ ភាគរយទៅ ១៨ ភាគរយក្នុងមួយឆ្នាំ។ អត្រាការប្រាក់នៅទីបំផុតអាស្រ័យលើ ការចរចារវាងធនាគារនិងអតិថិជន ដែលផ្អែកលើការវាយតម្លៃឥណទាន ។ រយៈពេលកម្ចីអាចមានរហូតដល់ ១០ ឆ្នាំហើយយើងក៏បើកចំហពីការចរចាផងដែរ ព្រោះវាទាក់ទងទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន»។

ធនាគារឈីហ្វ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១៣ ជាធនាគារឯកទេសដែលបានចូលមកក្នុងវិស័យធនាគារ ប្រកួតប្រជែងនៅកម្ពុជាដោយមានបុគ្គលិកត្រឹមតែ ៣០ នាក់និងទ្រព្យសកម្ម ១០ លានដុល្លារអាមេរិក។ ប៉ុន្តែប្រមាណមួយទសវត្សរ៍ក្រោយមក ដោយសារផលិតផលនិងសេវាកម្មដ៏ល្អប្រសើរ ធនាគារនេះបានរីកចម្រើនក្លាយជាតួអង្គសំខាន់ នៅក្នុងវិស័យនេះដែលមានទ្រព្យសកម្មជាង ១៤០ លានដុល្លារអាមេរិក ខណៈចំនួនបុគ្គលិកកើនឡើងរហូតដល់ ១៤០នាក់ ៕