(ពិភពលោក)៖ សារធាតុជាសមុទ្រដូចគ្នា គួរតែរលាយចូលគ្នាបាន ប៉ុន្តែចំពោះមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៉ីហ្វិក ពួកវាមិនរលាយចូលគ្នានោះទេ។ ចុះហេតុអ្វីមហាសមុទ្រទាំងពីរនេះមិនរលាយចូលគ្នាដូច្នេះ?

មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៉ីហ្វិក មានដង់ស៉ីតេ និងការកកើតឡើងនូវសមាសធាតុគីមីខុសគ្នា ក៏ដូចជាភាពខុសគ្នានៃកម្រិតអំបិល និងសារធាតុគីមីជាច្រើនផ្សេងទៀត។ ម្យ៉ាងទៀត បើមើលទៅលើពណ៌របស់មហាសមុទ្រទាំងពីរ គឺមានភាពខុសគ្នាឆ្ងាយណាស់។ និយាយរួម មហាសមុទ្រទាំងពីរគឺមានភាពខុសគ្នាទាំងលក្ខណៈរូប និងលក្ខណៈជីវៈ។ លក្ខណៈនេះត្រូវបានគេហៅជាទូទៅថា «ជម្រាលសមុទ្រ ឬ Ocean Clines»

មូលហេតុដែលនាំឲ្យយើងមើលទៅឃើញថា ដូចមានអ្វីនៅខណ្ឌរវាងដែននៃមហាសមុទ្រទាំងពីរនោះ គឺជាបាតុភូតដ៏អស្ចារ្យម្យ៉ាងឈ្មោះថា ហាឡូខ្លាញស៍ (Haloclines)។ នេះជាបាតុភូតមួយដែលមានន័យថា រវាងទីតាំងទឹកទាំងពីរមានកំហាប់អំបិលខុសគ្នាយ៉ាងខ្លាំង។ បាតុភូតនេះ ក៏ជាមូលហេតុដែលយើងមើលឃើញថា មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៉ីហ្វិកបានជួបគ្នាត្រង់ចំណុចមួយ។ លោក ហ្សាក់ កូតូ (Jacques Cousteau) ដែលជាអ្នករុករកដ៏ល្បី បានរកឃើញមូលហេតុនេះនៅអំឡុងពេលគាត់ជ្រមុជទៅក្នុងទឹកយ៉ាងជ្រៅនៅឯច្រកសមុទ្រហ្ស៉ីប្រាល់តា (Gibraltar) ចន្លោះប្រទេសអេស្ប៉ាញ និងប្រទេសម៉ារ៉ុក។

ស្រទាប់ទាំងពីរនៃទឹកសមុទ្រនោះមានកំហាប់អំបិលខុសគ្នា ដែលមើលទៅសមុទ្រទាំងពីរត្រូវបានញែកចេញដោយបន្ទះថ្លា ហើយស្រទាប់នីមួយៗមានប្រភេទរុក្ខជាតិ និងសត្វខុសៗគ្នា។ Haloclines កើតឡើងនៅពេលដែលទឹកក្នុងសមុទ្រមានកំហាប់អំបិលខុសគ្នា៥ដង។

ភាពខុសគ្នាយ៉ាងសំខាន់រវាងទឹកមហាសមុទ្រទាំងពីរទៀត គឺភាពខ្លាំងនៃការភ្ជាប់គ្នារវាងមូលេគុល និងមូលេគុល ឬភាពខ្លាំងនៃផ្ទៃប៉ះរបស់ទឹក។ មហាសមុទ្រទាំងពីរមានភាពខ្លាំងនៃផ្ទៃប៉ះខុសគ្នា ដែលធ្វើឲ្យពួកវាទាំងពីរមិនរលាយចូលគ្នា។ ពួកវាអាចនឹងរលាយចូលគ្នាយ៉ាងយឺត លុះត្រាតែទិសដៅនៃលំហូររបស់ពួកវាទាំងពីរស្របគ្នា។ រឿងមួយទៀតនោះ គឺការជួបគ្នារវាងមូលេគុលទឹកមហាសមុទ្រទាំងពីរ អាចនឹងកើតឡើងក្នុងរយៈពេលខ្លី បន្ទាប់មក ពួកវានឹងផ្តាច់ចេញពីគ្នាវិញតាមទិសដៅលំហូរនៃទឹកសមុទ្រ។ ហេតុនេះហើយ ទើបធ្វើឲ្យមហាសមុទ្រទាំងពីរមិនរលាយចូលគ្នាបាន៕