(បរទេស)៖ ការទទួលបានជោគជ័យដ៏សម្បើមនៃភាពយន្តកូរ៉េ «Squid Game» បានធ្វើឲ្យទស្សនិកជនទូទាំងពិភពលោកកោតសរសើរមិនដាច់ពីមាត់ ពីសាច់រឿង និងខ្លឹមសារក្នុងរឿង ខណៈសិល្បករដែលចូលរួមសម្តែងរឿងនេះ ក៏កាន់តែល្បីល្បាញទ្វេដងផងដែរ។ យ៉ាងណាមិញ នៅពេលនេះ ល្បែងដែលមានក្នុងរឿង «Squid Game» គឺត្រូវបានយកមកលេងក្នុងជីវិតពិតហើយ ដែលត្រូវបានធ្វើឡើងក្នុងទីតាំងមួយកន្លែង នៃប្រទេសអារ៉ាប់រួម។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន New Delhi Times បានឲ្យដឹងនាពេលថ្មីៗនេះថា ដោយសារតែភាពយន្ត «Squid Game» ផ្ទុះការគាំទ្រខ្លាំង ក្លាយជារឿងដែលមានអ្នកចូលទស្សនាច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ Netflix នៅក្នុងភាសាទាំងអស់នោះ ទើបជំរុញឲ្យ មជ្ឈមណ្ឌលវប្បធម៌កូរ៉េ ដែលមានទីតាំងនៅរាជធានីអាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួម សម្រេចបង្កើតឲ្យមានការលែងល្បែងរន្ធត់ៗក្នុងរឿងនេះ។

កម្មវិធីល្បែងលេងនៅមជ្ឈមណ្ឌលនេះនឹងជ្រើសរើសបេក្ខភាពចំនួន៣០រូបប៉ុណ្ណោះក្នុងចំណោមអ្នកដាក់ពាក្យលេង ៧០០នាក់ ដើម្បីមកចូលរួមការប្រកួតផ្ទាល់ ដែលនឹងមានចែកចេញជាល្បែងចំនួន៥ដកស្រង់ចេញពីភាពយន្ត «Squid Game» មានដូចជាល្បែងភ្លើងក្រហម ភ្លើងបៃតង, ល្បែងស្ពានកញ្ចក់, ល្បែងកាត់រូប, ល្បែងកូនឃ្លី និងល្បែងបោកក្រដាសផងដែរ។ ទោះយ៉ាងណាក្តី អ្នកដែលចាញ់ក្នុងការលែងល្បែកទាំងនេះ នឹងមិនត្រូវបានដាក់ទោសធ្ងន់ធ្ងរដូចក្នុងភាពយន្តឡើយ ខណៈក្នុងភាពយន្តអ្នកដែលចាញ់ គឺត្រូវស្លាប់។

គួរជម្រាបថា បើតាមអ្នកចាត់ការទូទៅផ្នែកទំនាក់ទំនងនៃមជ្ឈមណ្ឌលវប្បធម៌កូរ៉េនេះបាននិយាយថា ការរៀបចំនេះគឺធ្វើឡើងក្នុងគោលបំណងបង្ហាញល្បែងលេងរបស់កូរ៉េដល់មនុស្សគ្រប់គ្នា តាមរយៈការរៀបចំប្រកួតដ៏ពិសេស។ ខណៈភាពយន្តរបស់កូរ៉េ «Squid Game» គឺទទួលបានអ្នកចូលទស្សនារហូតដល់ ១១១លាននាក់ ក្នុងការចាក់បញ្ចាំងត្រឹមរយៈ២៨ថ្ងៃដំបូង និងបានក្លាយជាភាពយន្តភាគរបស់សេវាកម្ម Netflix មានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ៕