(អាហ្សាក់)៖ បដាផ្សព្វផ្សាយពាណិជ្ជកម្មក្នុងកីឡដ្ឋាន Goffertstadion នៃក្លិប NEC Nijmegen បានបាក់ធ្លាក់ភ្លាមៗ ដោយសារតែអ្នកគាំទ្ររបស់ក្លិប Vitesse អបអរជ័យជម្នះរបស់ពួកគេនៃការប្រកួតលីគកំពូលហូឡង់នារាត្រីថ្ងៃអាទិត្យ។
កីឡាករ Nikolai Baden Frederiksen ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទីទី១៦ ពីការបញ្ជូនរបស់ Darlafou ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេស្ទើរតែរត់ចុះមកអបអរដល់ក្នុងទីលានផងដែរ ជាមួយនឹងការស្រែកទន្រ្ទាំរហូតដល់បាក់បដាផ្សាយពាណិជ្ជកម្មផងដែរ នៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។
ភ្លាមៗនោះដែរ លោក Hubert Bruls មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្លិប Nijmegen ក៏បានស្នើឲ្យមានការស៊ើបអង្កេតផងដែរ និងបាននិយាយប្រាប់ BBC ថា «ខ្ញុំពិតជាតក់ស្លុតខ្លាំងណាស់ចំពោះអ្នកគាំទ្រដែលធ្វើរឿងនេះ»។
៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានធ្វើឲ្យក្លិប Vitsse ដែល Keisuke HONDA ធ្លាប់លេងឲ្យផងនោះ បានរំកិលខ្លួនឡើងទៅឈរលេខ៦ ក្នុងតារាងជាបណ្តោះអាសន្នវិញ មុនពេលស្វាគមន៍ក្រុមមកពីលីគអង់គ្លេស Premier League, Tottenham Hotspur ក្នុងយុទ្ធនាការ UEFA Europa Conference League នៅរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕