(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមានខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងក្រុមកោះកុងអេហ្វស៊ី បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយដ៏ស្វិតស្វាញកាលពីចុងសប្ដាហ៍កន្លងទៅ។

សម្រាប់ខេត្តត្បូងឃ្មុំ គឺបានទម្លាក់ក្រុមភ្នំពេញហ្គាឡាក់ស៊ី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន AEU Sport Park។ ២គ្រាប់របស់ក្រុមជើងឯករងឆ្នាំចាស់នេះ ធ្វើបានសម្រេចដោយកីឡាករ មីន សែតសេន នៅនាទី៣១ និងកីឡាករ កើ ហ្វីន នៅនាទី៥៦។ រីឯក្រុមភ្នំពេញហ្គាឡាក់ស៊ី បានត្រឹមសោកស្ដាយ បន្ទាប់ពីព្យាយាមវាយបក តែធ្វើមិនបានសម្រេច។

ខេត្តបាត់ដំបង បានយកឈ្នះក្រុមម្ចាស់ទឹកដីខេត្តកណ្ដាលដោយលទ្ធផល ៧-១ នៅកីឡដ្ឋាន 7NG។ ក្នុងចំណោម ៧គ្រាប់របស់ខេត្តបាត់ដំបង មានកីឡាករ ២រូបដែលធ្វើបាន ៣គ្រាប់ម្នាក់ឯង (Hat-Trick) គឺកីឡាករ វុធ ដេវីត និង ថា គ្រីយ៉ា ខណៈ ១គ្រាប់ទៀតរកបានដោយ ហាលីម រ៉គីប។ ឯខេត្តកណ្ដាលវិញវាយបកបាន ១គ្រាប់ប៉ុណ្ណោះដោយកីឡាករ ធឿន ដាវីត។

ចំណែកខេត្តបន្ទាយមានជ័យ បានយកឈ្នះក្រុមសៀមរាបអេហ្វស៊ី ១-០ ទាំងលំបាកនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។ គ្រាប់ជ័យជម្នះនេះ ធ្វើសម្រេចដោយកីឡាករ ឈឿន គីមហ៊ុន នៅនាទី៧៤ បន្ទាប់ពីក្រុមទាំងពីររក្សាលទ្ធផល ០-០ នៅវគ្គទី១។ យ៉ាងណាមិញក្រុមសៀមរាបអេហ្វស៊ី ក៏ព្យាយាមវាយសម្រុកដ៏ខ្លាំងក្លាផងដែរ តែមិនអាចបំបែករបាំងការពារដ៏រឹងមាំរបស់ខេត្តបន្ទាយមានជ័យបានឡើយ។

ដោយឡែកក្រុមកោះកុងអេហ្វស៊ី បានលត់ក្រុមខេត្តកំពង់ឆ្នាំងយ៉ាងចាស់ដៃក្នុងលទ្ធផល ៩-១ នៅកីឡដ្ឋានស្ដាតចាស់។ ៩គ្រាប់របស់ក្រុមមានមូលដ្ឋាននៅជាប់មាត់សមុទ្រនេះ ធ្វើសម្រេចដោយកីឡាករ វិច្ឆិការ ពៅ ៤គ្រាប់ម្នាក់ឯង, កីឡាករ សាន បូរ៉ា ២គ្រាប់, កីឡាករ ប៉ែន បញ្ញាវឌ្ឍ, វិសាល ជៀន និង សើ រ៉ូហ្សា រកបានម្នាក់ ១គ្រាប់។ រីឯខេត្តកំពង់ឆ្នាំងវាយបកបានតែ ១គ្រាប់ប៉ុណ្ណោះដោយកីឡាករ យូ ទេះ។

សម្រាប់ក្រុមទទួលបានជ័យជម្នះក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ នឹងត្រូវដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះខេត្តត្បូងឃ្មុំ ត្រូវជួបខេត្តបាត់ដំបង និងក្រុមកោះកុងអេហ្វស៊ី ត្រូវជួបខេត្តបន្ទាយមានជ័យ។ ការប្រកួតវគ្គ ៤ក្រុមចុងក្រោយនេះ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២០ ខែតុលាខាងមុខ ដោយប្រកួតតែ ១ជើងដូចគ្នា ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្តឆ្នាំនេះ៕