(អាមេរិក)៖ សកម្មជនសិទ្ធិមនុស្សអារ៉ាប៊ីសាអូឌីតម្នាក់ បានដាក់ពាក្យបណ្តឹងក្រុមហ៊ុន Twitter ដោយចោទប្រកាន់ថា បណ្ដាញសង្គមអាមេរិកមួយនេះបានជួលមនុស្សពីរនាក់ ដែលធ្វើចារកម្មក្នុងនាមរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងបានចូលមើលព័ត៌មានផ្ទាល់ខ្លួនរបស់គាត់។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

លោក Ali Al-Ahmed ប្រធានអង្គការតស៊ូមតិសិទ្ធិមនុស្សនៃវិទ្យាស្ថាន Gulf Affairs (អង្គការមួយដែលតែងតែរិះគន់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត) បានលើកឡើងថា Twitter គ្មានសិទ្ធិបង្ហាញ និងចែកចាយព័ត៌មានឯកជនរបស់លោកទៅកាន់នរណាម្នាក់ឡើយ។ មនុស្សពីរនាក់ ដែល Twitter បានជួលមកធ្វើការងារនោះគឺត្រូវបានគេដឹងជាចារកម្មរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ហើយនៅពេលនេះព្រះរាជអាជ្ញាកំពុងស៊ើបអង្កេត លើ ការ ចោទប្រកាន់មួយនេះ។

លោក Ali Al-Ahmed បានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងទៀតថា គណនី Twitter របស់លោកត្រូវបានក្រុមហ៊ុនបិទកាលពីឆ្នាំ២០១៨ ដោយគ្មាន ប្រាប់ពីហេតុផល ឬការពន្យល់ច្បាស់លាស់មួយឡើយ ខណៈដែលលោកបានធ្វើការប្ដឹងទាមទារគណនីនោះមកវិញជាច្រើនដងក្ដី។ សកម្មជន សិទ្ធីមនុស្សម្នាក់នេះបានបបន្ថែមទៀតថា Twitter បានបិទគណនីមិនឱ្យដំណើរការបានដើម្បីបំពេញចិត្តរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

ពាក់ព័ន្ធនឹងករណីនេះ ខាងក្រុមហ៊ុន Twitter នៅមិនទាន់មានប្រតិកម្មអ្វីនោះទេ ប៉ុន្តែមនុស្សពីរនាក់ដែលលោក Ali Al-Ahmed បានចោទថា ជា ចារកម្មរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏ស្ថិតនៅក្នុងការស៊ើបអង្កេតដូចគ្នា៕