(សៀមរាប)៖ ដោយសារតែបញ្ហាអាកាសធាតុបង្កឱ្យដើមឈើមួយចំនួនក្នុងតំបន់ប្រាសាទ ដួលរលំ និងបាក់មែក ដែលទាមទារឱ្យក្រុមការងារជួយសង្គ្រោះជាបន្ទាន់នោះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើការងារជាច្រើនក្នុងបេសកកម្មគ្រប់គ្រងដើមឈើហានិភ័យតាមប្រាសាទ ដោយមិនឱ្យបង្កគ្រោះថ្នាក់ដល់មនុស្ស និងប្រាសាទ។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅក្នុងខែវស្សាឆ្នាំនេះក៏ដូចជាឆ្នាំមុនៗ បញ្ហាអាកាសធាតុបង្កឱ្យដើមឈើតូចធំមួយចំនួនក្នុងតំបន់ប្រាសាទ ដួលរលំ និងបាក់មែក ដែលទាមទារឱ្យក្រុមការងារធ្វើការជាបន្ទាន់។
ក្រៅពីនេះ ដើមឈើហានិភ័យខ្លះដែលដុះកៀកប្រាសាទ ហើយអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ក៏ត្រូវបានអនុវត្តឱ្យបានទាន់ពេលវេលាផងដែរ៕