(ភ្នំពេញ)៖ ពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 ដែលជាការប្រកួតបាល់ទះក្នុងសាល ៤ស្មើលើកដំបូងបានបញ្ចប់ការប្រកួតហើយ ដោយក្រុមបាល់ទះវិសាខា បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុម PS Concrete ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានព្រីនស៍នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

ចំពោះលទ្ធផលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្រុមវិសាខា បានយកឈ្នះដាច់ពិន្ទុលើក្រុម PS Concrete ដោយលទ្ធផល ២-០សិត ក្នុងពិន្ទុ ២៥-១៧ និង ២៥-១២។ រីឯគូដណ្ដើមចំណាត់ថ្នាក់លេខ៣ វិញ ក្រុមក្រសួងមហាផ្ទៃបានយកឈ្នះក្រុមអធិរាជប្រអប់ ដោយលទ្ធផល ២-០សិតដូចគ្នា ក្នុងពិន្ទុ ២៥-២០ និង ២៥-២២។

ក្រោយចប់ការប្រកួត លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានប្រតិបត្តិគណៈកម្មការប្រកួតបានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតពានខាងលើ ដែលរៀបចំឡើងក្នុងគោលបំណងដកស្រង់បទពិសោធន៍បច្ចេកទេសថ្មី និងផ្តល់ឱកាសដល់កីឡាករបានបញ្ចេញសមត្ថភាព ដើម្បីស្វែងរកកីឡាករ មានទេពកោសល្យ ដោយសុក្រឹតភាព និងយុត្តិធម៌ ក៏ដូចជាបំផុសឲ្យមហាជនចូលរួមលេងកីឡាទៀតផង។

លោកបន្ដថា ឆ្លងកាត់ភាពជោគជ័យនៃការរៀបចំលើកទី១ ដែលមានការគាំទ្រពីសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានការចាប់អារម្មណ៍ ពិសេសមានដៃគូសហការឧបត្ថម្ភច្រើននេះ គណៈកម្មការគ្រោងនឹងរៀបចំការប្រកួតបាល់ទះ ៤ស្មើដណ្ដើមពានរង្វាន់ Special Volleyball Challenge ជាបន្ដបន្ទាប់ទៀត ដើម្បីចូលរួមលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាបាល់ទះជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សម្រាប់រង្វាន់ក្រុមដណ្ដើមជយលាភីវិញ ក្រុមជើងឯកវិសាខា ទទួលបានពាន១ អមដោយប្រាក់រង្វាន់ ១០លានរៀល, លេខ២ ក្រុម PS Concrete ទទួលបាន ៨លានរៀល និងលេខ៣ ក្រុមក្រសួងមហាផ្ទៃ ទទួលបាន ៦លានរៀល។ រីឯក្រុម Fair-Play បានទៅអធិរាជប្រអប់ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល។

បន្ថែមលើនេះ ក៏មានការរៀបចំពានរង្វាន់ឯកត្តជនលើកទឹកចិត្តដល់កីឡាករឆ្នើមៗប្រចាំព្រឹត្តិការណ៍នេះផងដែរ ក្នុងនោះកីឡាករ វឿន វាសនា របស់វិសាខាឈ្នះពានឯកត្តជនចំនួន ៣ម្នាក់ឯង រួមមានពានប្រយុទ្ធល្អជាងគេ ពានរនាំងល្អជាងគេ និងពានកីឡាករឆ្នើមប្រចាំការប្រកួត។ រីឯកីឡាករ សួន ចាន់ណារ៉ូ ឈ្នះពានលើកល្អជាងគេ ខណៈកីឡាករ សឿន ហេង វិសាខា និងកីឡាករ ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ ឈ្នះពានវាយសេវាល្អជាងគេដូចគ្នា៕