(កាតាឡាំង)៖ ស្ថិតក្នុងការប្រជែងលីគអេស្ប៉ាញ La Liga 2021-22 ក្លិបកំពូល FC Barcelona រកបានជ័យជម្នះ ៣-១ លើក្រុមភ្ញៀវ Valencia នៃសប្តាហ៍ទី៨ ហើយក៏ជាជំនួបដែលខ្សែប្រយុទ្ធជួរមុខ Sergio Aguero បានបង្ហាញខ្លួនលើកដំបូងជាមួយក្លិបថ្មី ក្រោយផ្ទេរចេញពីក្លិបអង់គ្លេស Manchester City និងជាគ្រាប់ទី១ របស់ខ្សែប្រយុទ្ធប្រេស៊ីល Philippe Coutinho ក្នុងរដូវកាលថ្មីនេះដែរ។

នេះជាជ័យជម្នះទី៤ របស់ក្លិបអ្នកមានបុណ្យ Barca ដែលដឹកនាំដោយលោក Ronald Koeman និងមាន ១៥ពិន្ទុ ក្រោយឆ្លងកាត់ ៨ប្រកួតបណ្តោះអាសន្ន នៅពេលដែលស្ថិតក្នុងការប្រកួតនោះ Aguero មានឱកាសប្តូរចូលនៅនាទីចុងម៉ោងជំនួសមិត្តរួមក្រុម Dest ក្រោយពីខ្សែប្រយុទ្ធ Ansu Fati, Philippe Coutinho និង Memphis Depay វាយបកយកបាន ៣គ្រាប់ បន្ទាប់ពី Jose Gaya រកបាននាំមុខនៅដើមវគ្គទី១ នាទី៥ មកម៉្លេះ។

បច្ចុប្បន្នរដូវកាលថ្មីនេះ ខ្សែបម្រើ Philippe Coutinho ទើបរកបាន ១គ្រាប់ក្នុងចំណោម ៧ប្រកួតជាមួយ Barcelona បន្ទាប់ពីបានស៊ុតលើកចុងក្រោយកាលពីខែវិច្ឆិកា នៃជ័យជម្នះ ៤-០ ទៅលើ Osasuna ខណៈនេះក៏ជាការត្រឡប់រកបាន ១គ្រាប់ថ្មីថ្មោងផងដែររបស់ Ansu Fati ក្រោយបានជួបបញ្ហារបួស ដែលរូបគេបានដើរតួនាទីសំខាន់លើទីលានពាក់អាវលេខ១០ ជំនួស Lionel Messi ដែលផ្ទេរទៅចូលរួមជាមួយ PSG របស់លីគបារាំង។

បច្ចុប្បន្នក្រុម Real Sociedad មាន ២០ពិន្ទុឈរកំពូលតារាងបណ្តោះអាសន្ន ដែលក្រុម Real Madrid, Sevilla និង Atletico Madrid កំពុងមាន ១៧ពិន្ទុស្មើគ្នា គ្រាដែល Barcelona តាមពីក្រោយក្រុមកំពូលតារាង ៥ពិន្ទុ ហើយត្រូវជួបក្រុម Real Madrid ក្នុងលីគបន្ត ក្រោយឆ្លងកាត់ FC Dynamo Kiev នៅលីគកំពូលអឺរ៉ុប UEFA Champions League៕