(បរទេស)៖ តំណាងកម្មករភាពយន្តហូលីវូដ បានឲ្យដឹងថា មានកម្មករប្រមាណ៦ម៉ឺននាក់ ទទួលបានកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយហើយ រវាងពួកគេ និងក្រុមហ៊ុនភាពយន្ត (ផលិតកម្មភាពយន្តធំៗ) ខណៈកិច្ចព្រមព្រៀងនេះក៏ជាផ្នែកមួយ ដើម្បីបញ្ចៀសកុំឲ្យការធ្វើកូដកម្មកើតមានផងដែរ។ ការទទួលបានកិច្ចព្រមព្រៀងពេលនេះ គឺបន្ទាប់ពីកម្មករភាពយន្តហូលីវូដ នៅអាមេរិកទាំងនោះ ប្រកាសពីគម្រោងធ្វើកូដកម្មដ៏ធំមួយ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ប្រសិនបើពួកគេទាំងអស់នោះ មិនទទួលបានដំណោះស្រាយសមរម្យណាមួយ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ជាពិសេសគឺការបំពេញការងារយ៉ាងមមាញឹក និងទទួលបានកម្រៃទាប។

សម្ព័ន្ធអន្តរជាតិនៃក្រុមការងារភាពយន្ត ហៅកាត់ថា «IATSE» ដែលតំណាងកម្មករភាពយន្តហូលីវូដចំនួន៦ម៉ឺននាក់ រួមមានដូចជាក្រុមកាន់កាម៉េរ៉ា, ក្រុមផាត់មុខ, ក្រុមបច្ចេកទេស និងផ្សេងទៀតៗ ដែលមានទីតាំងនៅអាមេរិក បានទទួលកិច្ចព្រមព្រៀងថ្មីមួយ ដែលមានសុពលភាពរយៈពេល៣ឆ្នាំ ខណៈកិច្ចព្រមព្រៀងនេះ ត្រូវបានគេចាត់ទុកថា ជាដំណោះស្រាយសមរម្យមួយ ដើម្បីកុំឲ្យកូដកម្មកើតមានឡើង ស្របពេលនេះមានវិបត្តិកូវីដ-១៩នេះ។

ដំបូងឡើយ ម៉ោងដែលកម្មករភាពយន្តធ្វើការ គឺអាចអូសបន្លាយរហូតដល់១៤ម៉ោងក្នុងមួយថ្ងៃ បន្ទាប់ពីតម្រូវការសម្រាប់កម្មវិធីទូរទស្សន៍ និងភាពយន្តមានការកើនឡើង ខណៈពេលវេលាសម្រាកក៏មិនគ្រប់គ្រាន់ និងប្រាក់ឈ្នុលក៏តិចតូចផងដែរ ខណៈក្នុងកិច្ចព្រមព្រៀង គឺបញ្ជាក់ពីការយល់ព្រមរវាងក្រុមហ៊ុនភាពយន្ត និងកម្មករ ដែលយល់ស្របឲ្យមានការកាត់បន្ថយម៉ោងធ្វើការតាមការស្នើសុំ និងយល់ស្របចំពោះការទាមទារឲ្យមានការទទួលបានពេលវេលាសម្រាកសមរម្យ, ពេលវេលាសម្រាកហូបអាហារ និងការដំឡើងប្រាក់ឈ្នួលបន្ថែម ដល់កម្មករកុនណាដែលមានប្រាក់ឈ្នួលទាបជាងគេ។

គួរជម្រាបថា គេនៅមិនទាន់ដឹងនោះឡើយថា តើបន្ទាប់ពីមានកិច្ចព្រមព្រៀងនេះហើយ ក្រុមកម្មករភាពយន្តហូលីវូដទាំងអស់ នឹងយល់ស្របតាម១០០ភាគរយៈ ឬទៅជាយ៉ាងណា។ ខណៈការប្រកាសធ្វើកូដកម្មនេះទៀតសោត នឹងក្លាយជាការបរាជ័យដ៏ធំមួយផងដែរ ក្នុងវិស័យភាពយន្តហូលីវូដ បន្ទាប់ពីបានងើបមុខឡើងវិញជាបណ្តើរៗ ក្រោយរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩៕