(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្ត Ford បានឱ្យដឹងថា ខ្លួននឹងចំណាយប្រាក់ប្រមាណ ២៣០លានផោន (ប្រហែល ៣១៦លានដុល្លារអាមេរិក) ដើម្បីវិនិយោគលើ ការ បង្កើត រោងចក្រផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនីនៅលើទឹកដីអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

រោងចក្រនេះប្រហែលជាអាចនឹងដំណើរការបាននៅពាក់កណ្ដាលឆ្នាំ២០២៤ ខណៈដែលវាគឺជារោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនី ដំបូង គេបំផុត សម្រាប់ Ford នៅតំបន់អឺរ៉ុប ហើយវាក៏ជាផ្នែកមួយនៃផែនការផលិតរថយន្តអគ្គិសនីទាំងអស់នៅឆ្នាំ២០៣០។

រដ្ឋាភិបាលអង់គ្លេសក៏បាននិងកំពុងចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុលតាមរយៈការវិនិយោគលើមូលនិធិ Automotive Transformation Fund ដោយគ្រោងផ្ដល់ប្រាក់វិនិយោគប្រមាណ ១០ភាគរយនៃតម្លៃវិនិយោគសរុបរបស់ ក្រុមហ៊ុនផលិតរថយន្ត ខណៈដែលក្រុមហ៊ុនផលិតរថយន្តធំ និងបណ្ដាញប្រទេសជាច្រើនកំពុងតែប្រគួតប្រជែងក្នុងការផលិតរថយន្តអគ្គសនី៕