(ភ្នំពេញ)៖ តារាកំប្លែងមានឈ្មោះបោះសំឡេង អ្នកនាង ស្រេង សុកាន់ដា ហៅ នាងខ្ញុង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះបានសម្រេចចិត្ត ប្រកាសជាសាធារណៈថា ខ្លួនបានជំពាក់បំណុលគេ ជាទឹកប្រាក់សរុបរហូតដល់ ៥៧២,០០០ដុល្លារអាមេរិក និងបានចូលខ្លួនទទួលស្គាល់កំហុស សុំការយោគយល់ពីម្ចាស់បំណុល បើម្ចាស់បំណុលមិនលើកលែង នាងក៏យល់ព្រមចូលពន្ធនាគារផងដែរ។ នាងខ្ញុង បានចេញមុខប្រកាសបែបនេះ គឺបន្ទាប់ពីបានដឹងថា ខ្លួននឹងមានទោស ប្រសិនបើម្ចាស់បំណុលដាក់ពាក្យប្តឹងរូបនាង។

ថ្លែងប្រាប់ Fresh News Plus នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងខ្ញុង បាននិយាយថា នាងបានធ្លាក់ខ្លួនជំពាក់លុយគេរាប់ម៉ឺនដុល្លារបែបនេះ ពោលគឺសរុបរហូតដល់ជាងកន្លះលានដុល្លារនេះ គឺដោយសារតែខ្ចីលុយគេយកមករកស៉ី រហូតអស់ដើមទុន។ ខ្ញុងថា រូបនាងក៏មិនបានគេចវេសពីការសងប្រាក់ដែរ គ្រាន់តែស្នើសុំដល់ម្ចាស់បំណុល មានការយោគយល់ ទុកឱកាស ទុកពេលវេលា បញ្ឈប់យកការប្រាក់ ទុកដង្ហើមឲ្យនាងបានដក និងបានរកប្រាក់សង ទៅតាមលទ្ធភាព។

អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានបន្ថែមថា រហូតមកទល់នឹងពេលនេះ នាងមិនទាន់ដឹងនោះឡើយថា តើម្ចាស់បំណុលនឹងគិតយ៉ាងណាចំពោះរូបនាង បន្ទាប់ពីនាងបានធ្វើការឡាយទទួលស្គាល់កំហុសបែបនេះ ខណៈទឹកប្រាក់ដែលនាងជំពាក់ម្ចាស់បំណុលទាំងអស់សរុបចំនួន ៥៧២,០០០ដុល្លារអាមេរិក។

នាងខ្ញុង បានបញ្ជក់ថា រហូតមកទល់នឹងពេលនេះ គឺមិនទាន់មានម្ចាស់បំណុលណាមួយ បានដាក់ពាក្យប្តឹងរូបនាងនៅឡើយទេ គ្រាន់តែពេលនេះ នាងសម្រេចចិត្តចេញមកប្រកាសពីការក្ស័យធន ដោយសារតែមានម្ចាស់បំណុលខ្លះ នាងសុំការលើកលែងមិនបាន គំរាមបង្ហោះរូប និងរករឿងដល់ផ្ទះជាដើម ដូច្នេះនាងបានសម្រេចចិត្តប្រកាសជាសាធារណៈតែម្តង ដើម្បីឲ្យដឹងថា នាងអស់សមត្ថភាពសងប្រាក់ មិនមែនគេចវេសនោះទេ។

តាមរយៈបណ្តាញសង្គម នាងខ្ញុង បានស្នើសុំដល់អ្នកគាំទ្រ បរិច្ចាគប្រាក់ដល់រូបនាងម្នាក់តែ១ដុល្លារទេ ដើម្បីយកលុយនោះសម្រាប់ផ្តល់ដល់កូនៗទាំងពីរនាក់របស់នាងបានរៀន និងបានម្ហូបបរិភោគ ព្រោះរូបនាងថា នឹងប្រឈមមុខផ្លូវច្បាប់ ពោលគឺសុខចិត្តយល់ព្រម ចូលពន្ធនាគារ ប្រសិនបើមានម្ចាស់បំណុលប្តឹង។

យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា រឿងរ៉ាវរបស់តារាកំប្លែងខ្ញុង ពាក់ព័ន្ធការជំពាក់លុយគេ (ម្ចាស់បំណុល២០នាក់ផ្សេងគ្នា) សរុបចំនួន ៥៧២,០០០ដុល្លារ ទៅជាយ៉ាងណានោះ បន្ទាប់ពីសាមីខ្លួន គឺនាងខ្ញុង បានចេញមកប្រកាសជាសាធារណៈបែបនេះ៕