(បន្ទាយមានជ័យ)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG បានសម្រេចរក្សាទុករង្វាន់រថយន្ត Ford ស៊េរីទំនើប ឆ្នាំ២០២១ លេខរៀងទី៨៥ ជាបណ្តោះអាសន្នសិន ក្រោយពេលចុះពិនិត្យក្រវិលកំប៉ុងរបស់អតិថិជនមហាសំណាង ដែលបានគាស់ត្រូវនៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានមនុស្ស៤នាក់ផ្សេងទៀត បានឃាត់ការប្រគល់រង្វាន់ ដោយអះអាងថា បុរសត្រូវរង្វាន់នេះ បានផឹកស៊ីជាមួយហើយពេលត្រូវរង្វាន់លួចយកតែម្នាក់ឯង។

តំណាងក្រុមហ៊ុន GANZBERG បានបញ្ជាក់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះថា កាលពីថ្ងៃចុងសប្តាហ៍មុននេះ ក្រុមការងាររបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានចុះទៅពិនិត្យក្រវិលកំប៉ុង របស់អតិថិជនមហាសំណាង ដែលគាត់បានគាស់ត្រូវនៅភូមិ ឃុំខាងលើ ហើយឃើញថារង្វាន់នោះ ពិតជាត្រឹមត្រូវប្រាកដមែន។

នៅក្នុងអំឡុងពេលដែលក្រុមការងារកំពុងពិនិត្យក្រវិលកំប៉ុងនោះ និងរៀបយករង្វាន់ប្រគល់ហើយនោះ ស្រាប់តែមានបុរសចំនួន៤នាក់បន្ថែមទៀត បានមកឃាត់ ដោយបានអះអាងថា បុរសដែលកាន់ក្រវិលកំប៉ុងនោះ បានផឹកស៊ីជុំគ្នាជាមួយពួកគាត់ ពេលដែលគាស់ត្រូវបុរសនោះ បានលួចយករង្វាន់មកផ្ទះ ដើម្បីបើកតែម្នាក់ឯក។ ក្រោយពីបានទទួលដំណឹងនេះ ភ្លាមធ្វើឱ្យក្រុមការងារ GANZBERG បានបដិសេធទទួលយកក្រវិលកំប៉ុងភ្លាមៗ រង់ចាំការដោះស្រាយរួចសិន។

តំណាងក្រុមហ៊ុនGANZBERG បានបញ្ជាក់ថា ក្រវិលកំប៉ុងនោះពិតជារង្វាន់ឡាន Ford សេរីទំនើបផុតលេខឆ្នាំ២០២១ លេខរៀងទី៨៥ ពិតប្រាកដមែន ហើយមកដល់ ពេលនេះភាគីទាំង២ បានធ្វើការដាក់ពាក្យជំទាស់ដល់អជ្ញាធរមូលដ្ឋានរៀងៗខ្លួនដើម្បីជួយយកយុត្តិធម៌ផងដែរ៕