(ភ្នំពេញ)៖ ធនាគារធំៗមួយចំនួននៅកម្ពុជា ដែលកំពុងតែមានការកើនឡើង បាននឹងកំពុងងាកមករកក្រុមហ៊ុន Oracle Exadata ដើម្បីជួយធ្វើទំនើបកម្មធនធាន មូលដ្ឋានទិន្នន័យ Oracle Database របស់ខ្លួន ដោយទទួលបានតម្លៃបន្ថែមពីទិន្នន័យ កាត់បន្ថយការចំណាយថ្លៃប្រតិបត្តិការសរុប (TCO) និងបង្កើនផលចំណេញ ពីការវិនិយោគ។

ធនាគារទាំងនេះ រួមមាន៖ ធនាគារអេស៊ីលីដា ភីអិលស៊ី (Acleda Bank PLC), ធនាគារប្រៃសណីយ៍កម្ពុជា ក.អ (Cambodia Post Bank PLC), ធនាគារ ហត្ថា ភីអិលស៊ី (Hattha Bank PLC) និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត Wing Bank (Cambodia) PLC។

លោក ជុង ហេង ហាន អនុប្រធានជាន់ខ្ពស់ផ្នែក Systems & Alliances នៅ JAPAC បានថ្លែងថា «ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ ក្នុងពិភពលោកដែលបានបង្កើតឡើង និងមានភាពលេចធ្លោរជាច្រើន បាននឹងកំពុងធ្វើការវិនិយោគ ជាមួយក្រុមហ៊ុន Oracle Exadata ហើយទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីការប្រកួតប្រជែងនេះ»

លោកបន្ដថា «ជាមួយនឹងកម្មវិធី Exadata X9M បណ្តាធនាគារទាំងឡាយ អាចពង្រឹងនូវមូលដ្ឋានទិន្នន័យ និងសមាសធាតុហេដ្ឋារចនាសម្ព័ន្ធនានារបស់ពួកគេ ឲ្យនៅក្នុងប្រព័ន្ធ Exadata Engineered System តែមួយ ហើយទទួលបាននូវដំណើរការដ៏ល្អបំផុត និងសុវត្ថិភាពខ្ពស់ ដែលអាចបើកដំណើរការ បានដោយគ្រាន់តែធ្វើបច្ចុប្បន្នភាព ដោយពុំមានផលរំខាន ជាមួយនិងការចំណាយសរុបលើប្រតិបត្តិការអស់ទាបជាងមុន»

ការវិវត្តន៍ផ្នែកទិន្នន័យយ៉ាងឆាប់រហ័ស រួមជាមួយនឹងការចាប់ប្រើបច្ចេកវិទ្យា Cloud និង Fintech បានបង្កើតឲ្យមានឱកាសអាជីវកម្មថ្មីៗជាច្រើន នៅក្នុងទីផ្សារ ដែលកំពុងតែរីកលូតលាស់ ជាក់ស្តែងដូចប្រទេសកម្ពុជាជាដើម ដោយរាប់បញ្ចូលទាំងឱកាស សម្រាប់ធនាគារដទៃទៀត ក្នុងការសាកល្បងផលិតផលថ្មីៗ បានយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនមូលដ្ឋានអតិថិជនឌីជីថល។

ទោះបីជាយ៉ាងណាក៏ដោយ វិធីសាស្រ្តដំណើរការទិន្នន័យតាមបែបធម្មតា មិនអាចរក្សាបាននូវបរិមាណទិន្នន័យ ដែលមានទំហំកាន់តែធំ និងល្បឿនកាន់តែខ្ពស់បានទេ ដូច្នេះហើយធនាគារនានា កំពុងងាកទៅរកដំណើរការស្វ័យប្រវត្តិកម្ម និងការវិភាគកម្រិតខ្ពស់ តាមរយៈម៉ាស៊ីនសិក្សា (ML) ដើម្បីជំរុញដល់គោលដៅ អាជីវកម្មរបស់ពួកគេ។

Oracle Database ជាវេទិកាដែលដំណើរការបានលឿនបំផុត ហើយមានតម្លៃដ៏សមរម្យបំផុត។ វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលទេ ដែលបណ្តាក្រុមហ៊ុន ផ្តល់សេវាកម្មហិរញ្ញវត្ថុ លំដាប់ពិភពលោកចំនួន៩ ក្នុងចំណោមក្រុមហ៊ុនចំនួន១០ បាននឹងកំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Oracle Exadata ដើម្បីដំណើរការប្រតិបត្តិការអាជីវកម្មចម្បងៗរបស់ពួកគេ និងធ្វើការវិភាគកម្រិតខ្ពស់ ទៅលើការងារនានា។

តាមរយៈការឈានទៅរកដំណើរការដ៏ចាំបាច់ ដែលប្រកបដោយថាមពលរបស់ខ្លួន ធនាគារទាំងនោះ អាចប្រើដំណើរការទិន្នន័យស្វ័យប្រវត្តិកម្ម ដើម្បីផ្តល់ជូននូវបទពិសោធន៍ បានកាន់តែប្រសើរសម្រាប់អតិថិជន កែលម្អដំណើរការផ្ទៃក្នុង ពន្លឿនការធ្វើពាណិជ្ជកម្ម ដំណើរការទូទាត់ ការធ្វើផែនការមូលធន និងការធ្វើរបាយការណ៍ ដែលស្របតាមការកំណត់ពីច្បាប់ នៅពេលដែលមានការកាត់បន្ថយនូវហានិភ័យ និងថ្លៃចំណាយ។

លោក ម៉ាច ធែរី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា នៅធនាគារអេស៊ីលីដា បានថ្លែងថា «យើងមានសាខាជាង២៦៣ទីតាំង និងមាននិយោជិកចំនួន ១២,០០០នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយនឹងបន្តពង្រីកបណ្តាញរបស់យើងដោយមិនចាំបាច់ខ្វល់ខ្វាយពីរឿងអ្វីច្រើនទៀតនោះទេ»។

លោកបន្ដថា ការផ្លាស់ប្តូរប្រព័ន្ធស្នូល នៃធនាគាររបស់យើង ទៅប្រើប្រាស់វេទិកា Oracle Exadata បានធ្វើឲ្យដំណើរការមូលដ្ឋានទិន្នន័យរបស់យើង បានប្រសើរឡើងយ៉ាងហោច ណាស់បីដង ហើយការធ្វើមាត្រដ្ឋានរបស់វា បានអនុញ្ញាតឲ្យយើងសង្ខេបមូលដ្ឋានទិន្នន័យពីគ្រប់សាខាទាំងនេះ មករួមបញ្ចូលឲ្យក្លាយទៅជាទិន្នន័យតែមួយ។

លោកបានបន្ថែមទៀតថា ការកាត់បន្ថយនូវភាពស្មុគស្មាញនេះ បានបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការ ហើយបានជួយដល់ពួកយើង ក្នុងការធ្វើទំនើបកម្ម និងកាត់បន្ថយថ្លៃដើម សរុបលើភាពជាម្ខាស់កម្មសិទ្ធិ៕