(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា វៀតណាម នឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ ។ ការអះអាងរបស់វៀតណាម បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ស្របពេលដល់ថ្ងៃឱសានវាទ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា «គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានអះអាងថា ស៊ីហ្គេម លើកទី៣១ នឹងត្រូវធ្វើនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ ។ ប៉ុន្ដែមិនទាន់ប្រាកដថ្ងៃនោះទេ គ្រាន់តែប្ដេជ្ញានឹងធ្វើឲ្យបាន នៅពាក់កណ្ដាលខែឧសភា ។ ចំពោះពេលវេលាច្បាស់លាស់ វៀតណាមនឹងផ្ដល់លិខិតផ្លូវការដល់បណ្ដាប្រទេសសមាជិកក្នុងពេលឆាប់ៗនេះ»

បន្ទាប់ពីការជជែកអំពីកាលបរិច្ឆេទរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលត្រូវលើកពេលពីចុងឆ្នាំ២០២១ នេះ កិច្ចប្រជុំក៏បានពិភាក្សា និងគាំទ្រកម្ពុជា ក្នុងការធ្វើជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ផងដែរ ដើម្បីកម្ពុជាមានសិទ្ធគ្រប់គ្រាន់ ក្នុងការអនុវត្តការងារបច្ចេកទេសផ្សេងៗ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា «ដោយសារកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមដែរ គេនឹងឲ្យកម្ពុជាធ្វើជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងធ្នូ ឆ្នាំ២០២១ ដើម្បីឲ្យកម្ពុជាបានបន្ដការងាររបស់ខ្លួន ដោយផ្លូវការ ពេញសិទ្ធ និងពេញលក្ខខ័ណ្ឌ ក្នុងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្ររបស់ខ្លួន នាឆ្នាំ២០២៣» ។

លោកបន្ថែមថា ទាំងការអះអាង និងប្ដេជ្ញាចិត្តរៀបចំស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ របស់ភាគីវៀតណាម ក៏ដូចជាការឲ្យកម្ពុជាធ្វើសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សុទ្ធតែទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ាន គ្រាន់តែការធ្វើសហប្រធាននេះ ត្រូវរង់ចាំការសម្រេចផ្លូវការរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាខែធ្នូខាងមុខ ដែលគេនឹងអនុម័តផ្ដល់សិទ្ធដល់កម្ពុជា ។

គួរដឹងថា កាលពីខែមុន ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានកំណត់ឱសានវាទវៀតណាម ត្រឹមខែតុលានេះ ដាច់ខាតត្រូវអះអាងថា នឹងរៀបចំស៊ីហ្គេម ឬក៏អត់? បើវៀតណាម មិនធ្វើទេ គេនឹងលុបចោលព្រឹត្តិការណ៍លើកទី៣១ នេះចោល ដោយចារក្នុងប្រវត្តិសាស្ដ្រស៊ីហ្គេមតែម្ដង ។ តែបើវៀតណាមធ្វើ ដាច់ខាតត្រូវកំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់ ដ្បិតកៀកនឹងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ៕