(ប៉ារីស)៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar នឹងខកខានការប្រកួតលីគអឺរ៉ុប UEFA Champions League របស់ក្រុម Paris St. Germain ដែលត្រូវប្រកួតតទល់នឹងក្រុមភ្ញៀវមកពីអាល្លឺម៉ង់ RB Leipzig បន្ទាប់ពីមានរបួសនៅក្នុងការបំពេញតួនាទីអន្តរជាតិជាមួយក្រុមជម្រើសជាតិ។ នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការក្លិប លោក Mauricio Pochettino ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

កីឡាករវ័យ ២៩ឆ្នាំរូបនេះ ក៏បានស្ថិតក្នុងចំណោមកីឡាករមួយចំនួនដែលមិនបានចូលរួមប្រកួតលីគ Ligue 1 របស់ក្រុម PSG ក្នុងលទ្ធផលឈ្នះ ២-១ លើក្រុមភ្ញៀវ Angers កាលពីថ្ងៃសុក្រផងដែរ ដោយសារពួកគេជាប់ពាក់ព័ន្ធជាមួយនឹងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២២។

«អាទិភាព តែងតែជាសុខុមាលភាពរបស់កីឡាករ។ Neymar មានបញ្ហាបន្តិចបន្ទួច (ឈឺចាប់ត្រង់ក្រលៀន) ដែលយើងសង្ឃឹមថា គាត់ត្រូវការពេលវេលាតែ ២-៣ថ្ងៃប៉ុណ្ណោះ ហើយគាត់នឹងត្រឡប់មកចូលរួមជាមួយក្រុមវិញក្នុងពេលឆាប់ៗខាងមុខបាន»។ នេះបើតាមសម្តីលោក Pochettino បានប្រាប់សន្និសីទសារព័ត៌មាន។

ខ្សែបម្រើ Leandro Paredes និងខ្សែការពារ Sergio Ramos ក៏ត្រូវបានដកចេញពីការប្រកួតនាថ្ងៃអង្គារនេះផងដែរ ដោយសារបញ្ហារបួស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិបបានបញ្ជាក់បែបនេះ។

សូមបញ្ជាក់ថា PSG កំពុងស្ថិតនៅកំពូលតារាងនៃពូល A ដោយមាន ៤ពិន្ទុកក្នុងដៃ ក្រោយឆ្លងកាត់២ប្រកួត ខណៈគូប្រជែងរាត្រីនេះ Leipzig កំពុងស្ថិតនៅបាតតារាង ដែលមិនទាន់រកបានពិន្ទុនៅឡើយទេ៕