(អាមេរិក)៖ ក្រុមហ៊ុន Apple បានរៀបចំមហាព្រឹត្តិការណ៍ធំលំដាប់ទី២ប្រចាំឆ្នាំកាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ ដោយក្នុងនោះ មានផលិតផលថ្មីៗជាច្រើនត្រូវបានប្រកាសបង្ហាញ ខណៈដែល iPhone 13 ដែលបានប្រកាសបង្ហាញកាលពីខែមុន កំពុងតែទទួលបាន ការ បញ្ជាទិញយ៉ាងច្រើនសន្ធឹក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍យប់ថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ Apple បានប្រកាសបង្ហាញឧបករណ៍ថ្មីចំនួន៤គឺ AirPods, MacBook Pros , HomePod Mini និង M1 Processor។

MacBook Pro ថ្មីត្រូវបាន Apple ប្រកាសបង្ហាញចំនួនពីរម៉ូដែលគឺ MacBook Pro អេក្រង់ទំហំ ១៤អ៊ីង ដែលមានតម្លៃប្រមាណ ១៩៩៩ដុល្លារ និង MacBook Pro អេក្រង់ ១៦អ៊ីងតម្លៃប្រមាណ ២៤៩៩ដុល្លារអាមេរិក ដោយក្នុងនោះគឺអាចធ្វើការបញ្ជាទិញ ចាប់ពី ពេលនេះ បាន និងចាប់ផ្ដើមដឹកជញ្ជូននៅសប្ដាហ៍ក្រោយ។

ក្រុមហ៊ុន Apple បានបញ្ជាក់បន្ថែមទៀតថា MacBook Pro ថ្មីទាំងពីរម៉ូដែលនេះគឺប្រើប្រាស់ឈីប M1 Pro និង M1 Max ដែលវាមានល្បឿនលឿនជាង កុំព្យូទ័រយូរដៃដែលប្រើប្រាស់ឈីបរបស់ក្រុមហ៊ុន Intel។ ពាក់ព័ន្ធនឹងឈីប M1 Pro និង M1 Max នេះផងដែរ ត្រូវបានក្រុមហ៊ុន Apple អះអាងថា វាមានល្បឿនលឿនជាង M1 បច្ចុប្បន្នរហូតដល់ ៧០ភាគរយ។

យើងក្រឡេកមកមើល AirPods ជាកាសត្រចៀក Wireless Bluetooth ថ្មី ដែលជាជំនាន់ទី៣វិញម្ដង ត្រូវបាន Apple ធ្វើការរចនាឡើង ក្រោមទម្រង់រូបរាងថ្មី និងមានតម្លៃចាប់ពី ១៧៩ដុល្លារអាមេរិក។ មិនត្រឹមតែផលិតឡើងក្រោមរូបរាងថ្មីប៉ុណ្ណោះទេ AirPods ជំនាន់ទី៣នេះ គឺ Apple បានអះអាងថា វាមានសមត្ថភាពអស្ចារ្យជាងម៉ូដែលមុន ជាពិសេសគឺអាចស្ដាប់តន្ត្រីបានរហូតដល់ទៅ៦ម៉ោង។

HomePod Mini ជាកូនធុងបាសជំនាន់ថ្មីរបស់ Apple ដែលត្រូវបានរចនាឡើងមាន៥ពណ៌ និងស្រស់ស្អាត ហើយបើនិយាយពីសមត្ថភាពវិញគឺកាន់តែអស្ចារ្យ និងទំនើប ជាមួយនឹងតម្លៃ ៩៩ដុល្លារអាមេរិក៕