(អាមេរិក)៖ Telegram បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាកម្មវិធីជជែកកម្សាន្តមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែ Telegram បានបញ្ចូលនូវមុខងារ និងលក្ខណៈងាយស្រួលច្រើនដល់អ្នកប្រើប្រាស់ ជាក់ស្ដែងនៅពេលនេះមានរបាយការណ៍បង្ហាញថា ការទាញយក Telegram នៅលើ Play Store មានរហូតដល់ជាង ១ពាន់លានដង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការទាញយក Telegram ចេញពី Play Store បានកើនឡើងដល់ជាង ១ពាន់លានដង ដោយក្នុងនោះតួលេខនៃការទាញយកច្រើនបំផុតគឺនៅអំឡុងថ្ងៃដែល Facebook, WhatsApp , Facebook Messenger និង Instagram គាំង។

 លោក Pavel Durov នាយកប្រតិបត្តិ (CEO) Telegram បានប្រកាសឱ្យដឹងថា ចំនួនអ្នកប្រើប្រាស់ប្រចាំខែមានរហូតដល់ ៥០០លាននាក់ ដោយតួលេខនេះមានចាប់ពីដើមឆ្នាំ២០២១ ហើយកាលពី Facebook, WhatsApp , Facebook Messenger និង Instagram គាំងគឺមានការចុះឈ្មោះប្រើប្រាស់ថ្មីរហូតដល់ ៧០លាននាក់។

បើទោះបីជាយ៉ាងនេះក្ដី យើងនៅមិនទាន់ដឹងពីតួលេខនៃការទាញយកកម្មវិធី Telegram សរុបនៅលើ Play Store និង App Store បូក បញ្ចូលគ្នាឡើយ។

គួរបញ្ជាក់ផងដែរថា Telegram ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ដោយបងប្អូនជនជាតិរុស្ស៊ីពីរនាក់ Nikolai និង Pavel Durov និងនៅចុងឆ្នាំ២០១៣ មានអ្នកប្រើប្រាស់ ១០០០០០នាក់ ហើយកាលពីខែមករា ឆ្នាំ២០២១កន្លងទៅនេះ Telegram ត្រូវបានគេ រកឃើញ ថា ជាកម្មវិធីដែលមានការទាញយកច្រើនជាងគេបំផុត៕