(ភ្នំពេញ)៖ លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រាប់កីឡាករវ័យក្មេង ពិសេសកីឡាករជម្រើសជាតិ U-23 កម្ពុជា ត្រូវក្ដោបឱកាសសំខាន់ៗ៣ ដើម្បីរក្សាកៅអីជម្រើសជាតិលើកក្រោយបន្ដទៀត រួមមានវិន័យ ការបង្ហាញសមត្ថភាពលើទីលាន និងការខំប្រឹងផ្ទាល់ខ្លួន ក៏ដូចជាការសហការជាក្រុមជាដើម។

ការលើកឡើងនេះ ស្របពេលលោក និងក្រុមការងារគ្រូ កំពុងដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ប្រមូលផ្ដុំហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់របស់ប្រទេសជប៉ុន (J-Village) ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U-23 Asian Cup 2022 Qualifiers ពូលK ជាមួយក្រុម U-23 ហុងកុង និងម្ចាស់ផ្ទះជប៉ុននាចុងសប្ដាហ៍នេះ។

គ្រូបង្វឹកកាន់សញ្ញាប័ត្រ A-License ខាងលើបានបញ្ជាក់ថា ការហ្វឹកហាត់នៅបារ៉ែន និងនៅជប៉ុន មិនសូវខុសគ្នាប៉ុន្មានទេ អ្វីដែលសំខាន់ គឺកីឡាករខិតខំប្រឹងដូចគ្នា ព្រោះនេះជាពេលវេលាដែលពួកគេត្រូវបង្ហាញសមត្ថភាពឲ្យគ្រូបានឃើញ ទាំងវិន័យក្រៅទីលាន វិន័យពេលហ្វឹកហាត់ និងការប្រឹងប្រែងខ្លួនឯង ដើម្បីប្រជែងកៅអីជម្រើស ១១នាក់ដំបូង ដែលជាគោលដៅសំខាន់របស់កីឡាករម្នាក់ៗ។

លោក ភា សុភ័ក្ដ្រា បានបញ្ជាក់ក្នុងវីដេអូបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធនៅព្រឹកនេះថា «ខ្ញុំសង្ឃឹមថា ពួកគាត់នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ព្រោះនេះគឺជាឱកាសមួយ ក្នុងចំណោមការលំបាកជាច្រើន ពិសេសគឺជាឱកាសដ៏សំខាន់មានន័យថា ពួកគាត់ត្រូវជ្រើសរើសពីក្នុងចំណោមកីឡាករមានកម្រិតអាយុប្រហាក់ប្រហែលគ្នា ហើយអ្នកខ្លះមានកម្រិតអាយុទាបជាងការជ្រើសរើសរបស់យើង ព្រោះយើងលេង U23 តែការជ្រើសរើសមួយចំនួនមានក្រោមអាយុ ២០ឆ្នាំជាដើម»

លោកបន្ដថា «អញ្ចឹងនេះជាគោលដៅវែងឆ្ងាយ ហេតុនេះប្រសិនបើគាត់បានទស្សនាវីដេអូនេះ ខ្ញុំចង់ឲ្យពួកគាត់ខិតខំប្រឹងប្រែងបន្ថែម ដូចខ្ញុំនិយាយអ៊ីចឹងថា ឱកាសមិនងាយមានទេ បើយើងមិនចេះរក្សាឱកាស និងក្ដោបឱកាសនេះ បូករួមជាមួយនឹងការរក្សាឱកាសទៅលើ ទី១-វិន័យ ទី២-ការបង្ហាញសមត្ថភាពទៅលើការលេង និងទី៣-ការប្រឹងប្រែងផ្ទាល់ខ្លួន និងការខំប្រឹងសហការជាក្រុម។ ខ្ញុំសង្ឃឹមថា គាត់នឹងធ្វើបានល្អ ហើយគាត់នឹងមានឱកាសជាប់លើក្រោយៗទៀត ប្រសិនបើយើងទទួលបានជោគជ័យក្នុងការប្រកួតខាងមុខ»

គួរដឹងថា ក្រោយបោះជំរំហ្វឹកហាត់នៅបារ៉ែនមួយរយៈពេល ជាមួយក្រុមជម្រើសជាតិកម្ពុជា បច្ចុប្បន្នក្រុមយុវជន U-23 កម្ពុជា កំពុងបោះជំរំហ្វឹកហាត់បន្ដនៅជប៉ុន ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់យុវជនជើងឯកទ្វីបអាស៊ី ដែលក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U-23 ហុងកុងនាថ្ងៃទី២៣-តុលា និងជួបក្រុមម្ចាស់ផ្ទះ U-23 ជប៉ុន នាថ្ងៃទី២៦-តុលា ដើម្បីប្រជែងកៅអីវគ្គបន្ដ ហើយក៏ជាឱកាសពង្រឹងសមត្ថភាពកីឡាករវ័យក្មេងកម្ពុជា ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕