(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ និងគុនចម្រុះដែលលេចធ្លោលើសង្វៀនលំដាប់អន្ដរជាតិ ONE Championship សុខ ធី និងប្រុសបង្កើតរបស់ខ្លួន សុខ រិទ្ធ បានសម្រេចឲ្យឪពុកម្ដាយរបស់ខ្លួនឈប់ធ្វើការជាពលករនៅប្រទេសថៃហើយ ដោយអ្នកទាំងពីរ បានប្ដេជ្ញាពួកដៃគ្នាខំប្រឹងវ៉ៃ ដើម្បីស្រាក់ថវិកាគ្នាមួយចំនួន សម្រាប់ចិញ្ចឹមពួកគាត់ ។

សូមរំឮកថា កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ សុខ ធី បានឡើងប្រកួតសងសងសឹកកីឡាករថៃ ចាវ សឿយ៉ៃ បានសម្រេចដោយពិន្ទុ បន្ទាប់ពីរូបគេធ្លាប់ចាញ់ក្នុងទឹកទី៤ ម្តង ដោយសាររភ្លាត់ស្នៀត ។ ក្រោយជ័យជម្នះនេះ សុខ ធី បានផ្ញើរថវិកា ១០,២០០បាត(ប្រមាណ ៣ពាន់ដុល្លារ) ជូនឪពុកម្ដាយរបស់ខ្លួន នៅខេត្តបន្ទាយមានជ័យ ។

សុខ ធី បានបញ្ជាក់ថា «ពុកម៉ែខ្ញុំចាស់ហើយ។ ឈប់ឲ្យពួកគាត់ធ្វើការហើយ ហើយខ្ញុំ និងប្រុស (សុខ រិទ្ធ) នាំគ្នាចែករំលែកប្រាក់បានពីប្រកួតជួយចិញ្ចឹមពួកគាត់»

គួរដឹងថា ឪពុកម្ដាយអ្នកលេងគុនខ្មែរទាំងពីរ បានធ្វើការជាកម្មករនៅថៃរាប់ឆ្នាំមកហើយ ពោលគឺតាំងពីបងប្អូនត្រកូល «សុខ» នៅតូចៗ ។ ការណ៍នោះហើយ ទើបធ្វើឲ្យ សុខ ធី និង សុខ រិទ្ធ មានឱកាសហ្វឹកហាត់ប្រដាល់ និងចាប់អាជីពនេះ រហូតល្បីល្បាញទាំងនៅកម្ពុជា និងនៅថៃ ក៏ដូចជាលើឆាកអន្ដរជាតិ ។

ដោយធំដឹងក្ដីលើទឹកដីថៃ ជើងខ្លាំងគុនខ្មែរទាំងពីរ ត្រូវបានគេដឹងថា អាចនិយាយ និងសរសេរភាសាថៃយ៉ាងស្ទាត់ជំនាញ ។ លើសពីនេះ សុខ ធី ក៏មានភរិយាជាជនជាតិថៃ និងបានបន្សល់នូវចំណង់ដៃកូនប្រុសជាទីស្រលាញ់ម្នាក់ទៀតផង ។

យ៉ាងណាមិញក្នុងបរិបទកូវីដ-១៩ នេះ សុខ ធី ក៏មានវិបត្តិហិរញ្ញវត្ថុផងដែរ បន្ទាប់ពីខកខានប្រកួតជាច្រើនខែ ស្របពេលបងប្រុស សុខ រិទ្ធ ត្រូវបានត្រឡប់មកប្រឡូកអាជីពលើទឹកដីកំណើត និងបានប្រកួតជាមួយមិត្តរួមជាតិជាបន្ដបន្ទាប់ ដើម្បីទទួលបានចំណូល និងចែករំលែកដល់ឪពុកម្ដាយរបស់ខ្លួន ។

សុខ ធី បន្ដថា «ខ្ញុំខ្វះខាតដែរ ហើយក៏ពិបាកខ្លាំងដែរ។ លុយដែលសន្សំពីការប្រកួតមុនៗ ត្រូវចំណាយត្បិតត្បៀតក្នុងពេលកូវីដ»។ តែក្រោយសងសឹកកីឡាករថៃខាងលើ សុខ ធី ប្រាប់ថា «ថ្វីបើការប្រកួតបិទទ្វារ និងត្រួតពិនិត្យច្រើនដំណាក់កាលមុនប្រកួត តែក៏ល្អជាងអត់បានឡើងប្រកួតដែរ។ ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះទៅ ខ្ញុំសង្ឃឹមទទួលបានឱកាសប្រកួតញឹកញាប់ ហើយក៏អាចចេញទៅប្រកួតនៅ ONE ដែរ»

សូមបញ្ជាក់ថា កាលពីប៉ុន្មានខែមុន សុខ ធី ត្រូវបានរៀបចំឲ្យប្រកួតដណ្តើមខ្សែក្រវាត់នៅថៃ និងទទួលបានឱកាសប្រកួតប្រកួតជាថ្មីលើសង្វៀនលំដាប់ពិភពលោក ONE ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ធ្វើឲ្យកម្មវិធីទាំងនោះត្រូវបានលុបចោលវិញ ។ សុខ ធី បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការខកខាននេះ ៕