(អាមេរិក)៖ តារាចម្រៀងរ៉េបល្បីឈ្មោះរបស់អាមេរិក គឺលោក Kanye West ដែលមានឈ្មោះពេញថា Kanye Omari West បានស្នើសុំតុលាការ ប្តូរឈ្មោះបច្ចុប្បន្នចេញ ទៅជា «Ye» វិញ ខណៈតុលាការនៅអាមេរិក ក៏ទើបតែចេញសេចក្តីសម្រេច យល់ព្រមឲ្យតារារូបនេះប្តូរឈ្មោះ តាមការស្នើសុំផងដែរ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

តុលាការនៅ Los Angeles នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានយល់ព្រមឲ្យតារារ៉េបវ័យ៤៤ឆ្នាំរូបនេះ ប្តូរឈ្មោះជាទៅ «Ye» ខណៈនៅក្នុងលិខិតស្នើសុំប្តូរឈ្មោះ តារារូបនេះមិនបានបញ្ជាក់ពីមូលហេតុអ្វីច្រើនឡើយ គ្រាន់តែដាក់ថា «ហេតុផលផ្ទាល់ខ្លួន» ប៉ុណ្ណោះ។

តែយ៉ាងណា បើក្រឡេកទៅមើលអតីតកាល ពោលគឺអំឡុងឆ្នាំ២០១៨ នៅក្នុងបទសម្ភាសន៍មួយ នៅពេលផ្សព្វផ្សាយពីឈ្មោះ «Ye» តារារ៉េបរូបនេះបាននិយាយថា លោកបានភ្ជាប់ឈ្មោះរបស់ខ្លួនទៅនឹងព្រះគម្ពី។ ខណៈពាក្យថា «Ye» គឺត្រូវបានប្រើប្រាស់ច្រើននៅក្នុងព្រះគម្ពី ហើយនៅក្នុងព្រះគម្ពី «Ye» គឺបានន័យថា «អ្នក»

គួរជម្រាបថា តារារ៉េបល្បីឈ្មោះ លោក Kanye West ជាអតីតស្វាមីរបស់តារាទូរទស្សន៍ Kim Kardashian ត្រូវបានរាយការណ៍មកថា មានប្រាក់សរុបរហូតដល់ ១.៨ពាន់លានដុល្លារអាមេរិក (នេះបើផ្អែកតាមទស្សនាវដ្តី Forbes)។ តារារូបនេះ ក៏ទើបតែមានរឿងរ៉ាវក្តីក្តាំងលែងលះជាមួយ Kim Kardashian ផងដែរ ពោលគឺលោកត្រូវបានអតីតភរិយាបង់ប្រាក់ឲ្យចំនួន ២០លានដុល្លារអាមេរិក សម្រាប់ការដកឈ្មោះចេញពីកម្មសិទ្ធិផ្ទះ Hidden Hills របស់ពួកគេ ក៏ដូចជាដើម្បីសម្រួលដល់ដំណើរការលែងលះគ្នា៕