(ភ្នំពេញ)៖ ក្រុមបាល់ទាត់ណាហ្គាវើលដ៏ បានប្រកាសជាផ្លូវការមិនបន្ដកិច្ចសន្យាថ្មីជាមួយគ្រូបង្វឹក លោក មាស ចាន់ណា ឡើយ ដោយនឹងត្រូវចែកផ្លូវគ្នាត្រឹមចុងខែតុលា ឆ្នាំ២០២១។

ក្លិបអស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១ នេះបានបញ្ជាក់លើបណ្ដាញសង្គមថា «លោក មាស ចាន់ណា នឹងត្រូវចាកចេញពីក្លិបនៅចុងខែនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់»។ ទន្ទឹមជាមួយគ្នា ក្លិបក៏បានអរគុណលោកសម្រាប់ការរួមចំណែកជួយក្លិប តាំងពីជាកីឡាករ រហូតដល់គ្រូបង្វឹកផងដែរ។

ជាមួយការប្រកាសចែកផ្លូវការនេះបានធ្វើឲ្យអ្នកតាមដានវិស័យកីឡាបាល់ទាត់មានការចាប់អារម្មណ៍ជាខ្លាំង ពិសេសក្រោយមានព័ត័មានចចាមអារ៉ាមកាលពីថ្មីៗ តែអ្នកគាំទ្រមួយចំនួនមិននឹកស្មានក្លាយជាការពិតឡើយ ដ្បិតលោក មាស ចាន់ណា បានចំណាយពេល ២០ឆ្នាំមកហើយជាមួយក្រុមរហស្សនាមនាគមាសនេះ។

យ៉ាងណាមិញមុនការប្រកាសជាផ្លូវការ អំពីការមិនបន្ដកុងត្រានេះ គេឃើញលោក មាស ចាន់ណា ក៏ហាក់មានប្រតិកម្មខ្លាំងៗ ចំពោះការសម្រេចចិត្តរបស់អតីតក្រុមជើងឯកឆ្នាំ២០១៨ នេះផងដែរ ដោយលោកចាត់ទុកការជូនដំណឹងរបស់ក្លិប គឺមិនសមស្របទៅនឹងច្បាប់បាល់ទាត់ឡើយ ព្រមទាំងថានេះ គឺជាការបោកប្រាស់ទៀតផង។

លោក មាស ចាន់ណា បញ្ជាក់ថា «បើមិនបន្តកុងត្រាសូមអស់លោកគួរតែផ្តល់ដំណឹងដល់គេយ៉ាងហោចណាស់ ១ខែមុនផង មិនមែនអស់លោកផ្តល់ដំណឹងតែកន្លះខែទេ។ សូមអស់លោកស្គាល់អំពីច្បាប់បាល់ទាត់ផង ព្រោះអស់លោកសុទ្ធតែមកពីប្រទេស ដែលរីកចំរើនផ្នែកបាល់ទាត់ ស្គាល់អំពីច្បាប់បាល់ទាត់ ខ្ញុំមិនដែលអង្វរ ឬក៏ទ្រអស់លោក ដើម្បីបន្តកុងត្រានោះទេ បើខ្ញុំដឹកនាំអន់អស់លោកដកខ្ញុំចេញតាំងពីយូរមកហើយ (តែកុំមកបោកប្រាស់)»

គួរដឹងថា លោក មាស ចាន់ណា បានរួមរស់ជាមួយក្លិបណាហ្គាវើលដ៏ ២០ឆ្នាំមកហើយ ក្នុងនោះ ១៣ឆ្នាំលោកចំណាយពេលជាកីឡាករ និង ៧ឆ្នាំធ្វើជាគ្រូបង្វឹក។ លើសពីនេះ បុរសជំនាញទាត់បាល់ Free kick និងទាត់បាល់ Corner ដែលកាន់សញ្ញាបត្រ A-License រូបនេះ ក៏ធ្លាប់ជាកីឡាករ និងជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាផងដែរ៕