(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមដំណើរការជួសជុលច្រកទ្វារចូលខាងកើតនៃប្រាសាទអង្គរវត្តឱ្យប្រសើរឡើងវិញ ដែលរងការខូចខាតដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។

លោកស្រី ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលនោះឱ្យដឹងថា ច្រកចូលខាងកើតនៃប្រាសាទអង្គរវត្ត ថ្វីបើមានការខូចខាតតិចតួចដោយផ្នែកខ្លះៗ ដូចជាច្រកឡើងនៃកាំជណ្ដើរ ជ្រុះដំបូល ព្រហ្មដំបូល និងហោជាងជាដើម ប៉ុន្តែអ្នកជំនាញត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរ។

កិច្ចការដំបូង គឺក្រុមការងារបានសិក្សាទៅលើសម្រង់ប្លង់ ស្វែងរកថ្មដែលបានធ្លាក់ចុះរប៉ាត់រប៉ាយហើយកំណត់រូបរាងរបស់វាឡើងវិញ មុននឹងសម្អាតថ្មទាំងនោះឱ្យស្អាត ហើយយកវាទៅផ្គុំនៅកន្លែងដើមឡើងវិញ។

សូមបញ្ជាក់ថា ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តចាប់ផ្ដើមពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តទៅ៕