(ចិន)៖ លោក Lei Jun ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានប្រកាសឱ្យដឹងថា នៅពាក់កណ្ដាលឆ្នាំ២០២៤ Xiaomi នឹង ចាប់ ផ្ដើម ឈានជើងចូលទីផ្សាររថយន្ត តាមរយៈការផលិតរថយន្តផ្ទាល់ខ្លួន ខណៈដែលបច្ចុប្បន្នកំពុងឈរជើងនៅលេខរៀងទី២នៃក្រុមហ៊ុនផលិត ស្មាតហ្វូនធំលំដាប់ពិភពលោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កន្លងមកមានសេចក្ដីរាយការណ៍ជាច្រើន បាន បង្ហាញថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិនមួយនេះគ្រោងនឹងឈានជើងចូលទីផ្សាររថយន្ត ដោយឡែកនៅពេលនេះ Xiaomi បានបញ្ជាក់ជាផ្លូវការ ហើយ ថា សង្វាក់ផលិតកម្មរថយន្តដំបូងរបស់ខ្លួននឹងចាប់ផ្ដើមនៅឆមាសទី១ ឆ្នាំ២០២៤។

នៅមិនទាន់មានព័ត៌មានលម្អិតពាក់ព័ន្ធនឹងការផលិតរថយន្តដំបូងរបស់ Xiaomi ឡើយ ប៉ុន្តែកាលពីខែឧសភាកន្លងទៅនេះ មានសារព័ត៌មាន ជា ច្រើនបានចេញផ្សាយថា Xiaomi នឹងពង្រីកខ្លួនទៅកាន់ពិភពលោកឱ្យកាន់តែអស្ចារ្យជាងនេះតាមរយៈការផលិតរថយន្តអគ្គីសនី (EV) ដោយក្នុង នោះ Xiaomi នឹងចំណាយប្រាក់ប្រមាណ ១០ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល ១០ឆ្នាំសម្រាប់ឧស្សាហកម្មរថយន្ត។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្តជាច្រើនបានងាកទៅផលិតរថយន្តអគ្គិសនីដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុល និង ការឡើង កំដៅផែនដី ខណៈដែល កង្វះខាតបន្ទះឈីបបានរារាំងដល់ក្រុមហ៊ុនផលិតរថយន្ត និងស្មាតហ្វូនក្នុងការបំពេញឱ្យគ្រប់ទៅតាមតម្រូវការ អតិថិជន រហូតដល់ជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តមួយចំនួនសម្រេចចិត្តវិនិយោគនូវទឹកប្រាក់រាប់រយលានដុល្លារបង្កើតរោងចក្រផលិតបន្ទះឈីប ផ្ទាល់ខ្លួន៕