(ភ្នំពេញ)៖ គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញផែនការលម្អិត និងត្រៀមខ្លួនរួចរាល់ ដើម្បីផ្ដល់ភាពកក់ក្ដៅក្នុងការទទួលបដិសណ្ឋារកិច្ចប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលនឹងមកចូលរួមប្រកួតកីឡាស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំ២០២៣។

ការបង្ហាញវឌ្ឍនភាពរបស់គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដែលមានលោក សុង តុងហាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាប្រធានខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះនៅទីស្នាក់ការ NOCC។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំតាមអនឡាញខាងលើថា កិច្ចប្រជុំបានវាយតម្លៃខ្ពស់ ចំពោះភាពលម្អិត នៃវឌ្ឍនភាពការងាររបស់គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដែលជាគណៈកម្មការសំខាន់មួយ ក្នុងការធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្ដរជាតិ ពិសេសប្រតិភូគ្រប់ជាន់ថ្នាក់ និងកីឡាករ-កីឡាការិនី ក្នុងនាមជាម្ចាស់ផ្ទះ ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «គណៈកម្មការនេះ គឺជាគណៈកម្មការស្នូលមួយ សម្រាប់ធ្វើឲ្យយន្ដការ នៃការទទួលធ្វើជាម្ចាស់ផ្ទះមានប្រសិទ្ធភាព ក្នុងការទទួលខុសត្រូវដែលយើងទាំងអស់គ្នា បានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រីថា ក្នុងនាមម្ចាស់ផ្ទះ ធ្វើយ៉ាងម៉េច ការទទួលបដិសណ្ឋារកិច្ច ត្រូវប្រកបដោយកិត្តិយសល្អ កេរ្ដិ៍ឈ្មោះល្អ និងសេចក្ដីថ្លៃថ្នូរក្នុងការរៀបចំស៊ីហ្គេមរបស់យើង ក្រៅពីការប្រកួតប្រជែងកីឡា»។

លោកបន្ថែមថា «យើងបានលម្អិត តាំងពីការដឹកជញ្ជូន យើងត្រូវប្រើប្រាស់រថយន្តប៉ុន្មាន កន្លែងស្នាក់នៅ និងហូបចុក ត្រូវរៀបចំយ៉ាងម៉េច? ជាក់ស្ដែងកន្លែងស្នាក់នៅ មានភូមិកីឡា ដែលជាកន្លែងស្នាក់នៅ និងហូបចុករួមរបស់អត្តពលិក មានទីស្នាក់ការកណ្ដាលរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដោយនឹងប្រើប្រាស់សណ្ឋាគារ ហ្គាឌិនស៊ីធី ជាកន្លែងសេនាធិការធំមួយ សម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាឲ្យទទួលបានជោគជ័យជាដើម...»

ក្រៅពីសណ្ឋាគារហ្គាឌិនស៊ី គណៈកម្មការជំនាញដដែល ក៏គ្រោងនឹងប្រើសណ្ឋាគារលំដាប់ផ្កាយប្រាំមួយចំនួនទៀត ដើម្បីទទួលស្វាគមន៍ភ្ញៀវកិត្តិយសថ្នាក់ខ្ពស់ ដូចជាប្រមុខរាជរដ្ឋាភិបាល និងប្រមុខរដ្ឋបណ្ដាប្រទេសអាស៊ាន ប្រធានអូឡាំពិកអន្ដរជាតិ ប្រធានអូឡាំពិកអាស៊ី និងថ្នាក់ដឹកនាំសហព័ន្ធកីឡាជុំវិញពិភពលោក ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ដើម្បីផ្ដល់នូវភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អ ក្នុងនាមម្ចាស់ផ្ទះផងដែរ។

ចំពោះការដឹកជញ្ជូនវិញ លោក សុង តុងហាប់ បានបញ្ជាក់លម្អិត អំពីភារកិច្ចនីមួយៗ ដូចជាការដឹកជញ្ជូនអត្តពលិកពីព្រលានយន្ដហោះ ទៅកន្លែងស្នាក់នៅ កន្លែងហូបចុក ទីលានហ្វឹកហាត់ និងគ្រប់ទីលានប្រកួត ក៏ដូចជាត្រឡប់ទៅវិញជាដើម។ មិនតែប៉ុណ្ណោះ ក៏នឹងមានការកំណត់ផ្លូវអាទិភាព និងមានការបិទផ្លូវមួយចំនួន សម្រាប់បម្រើឲ្យការធ្វើដំណើរទៅមករបស់ប្រតិភូ និងអត្តពលិកពីកន្លែងស្នាក់នៅ ទៅកន្លែងហ្វឹកហាត់ ឬទីលានប្រកួតផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែម។

គួរដឹងថា គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន គឺជាគណៈកម្មការជំនាញមួយ ក្នុងចំណោម១៤ នៃគណៈកម្មាធិការជាតិ CAMSOC ដែលបានត្រៀមផែនការរៀងៗខ្លួនសម្រាប់អនុវត្តនាឆ្នាំ២០២២ ដើម្បីសម្រួចទិសដៅឆ្ពោះទៅរកភាពជោគជ័យ ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី០៥ និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣៕