(ស៊ីដនី)៖ កីឡាករដែលមិនទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍វាយកូនបាល់ (Tennis) Australian Open នៅពេលខាងមុខនេះនោះទេ។ នេះបើតាមអ្នករៀបចំកម្មវិធីបានឲ្យដឹង ហើយត្រូវបានចុះផ្សាយដោយ BBC នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

កម្មវិធីវាយកូនបាល់ កម្រិត Grand Slam គ្រោងនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅទីក្រុង Melbourne នៃរដ្ឋ Victoria ប្រទេសអូស្រ្តាលី ខណៈរដ្ឋាភិបាលក៏បានណែនាំឲ្យមានការចាក់វ៉ាក់សាំងចំពោះអត្តពលិកកម្រិតអាជីពផងដែរ គ្រាដែលរដ្ឋមន្រ្តីប្រចាំរដ្ឋ Victoria បានលើកឡើងថា «ខ្ញុំមិនគិតថា កីឡាករលេងកីឡាវាយកូនបាល់ និងមានទិដ្ឋាការចូលមកប្រទេសបាននោះទេ»។ ក្នុងនោះអ្នកដែលទទួលបានទិដ្ឋាការក៏ត្រូវដាក់នៅដាច់ដោយឡែកចំនួន ២ទៅ ៣សប្តាហ៍ដែរ។

គួររំលឹកផងថា ព្រឹត្តិការណ៍វាយកូនបាល់ (Tennis 2021) ត្រូវបានពន្យារពេល ៣សប្តាហ៍ហើយ កីឡាករក៏ត្រូវបានដាក់ខ្លួនដាច់ដោយឡែកនៅសណ្ឋាគារពេលមកដល់ប្រទេស ខណៈព្រឹត្តិការណ៍ Australian Open បានឲ្យដឹងកាលពីខែឧសភាថា ការប្រកួតនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២២ ហើយនៅក្នុងខែសីហា អ្នករៀបចំបានននិយាយថា កីឡាករអាចមានពេល ២សប្តាហ៍ក្នុងការធ្វើតាមលក្ខខណ្ឌជីវសាស្ត្រសុវត្ថិភាពជាជាងនៅដោយឡែកនៅសណ្ឋាគារ៕