(អាថែន)៖ ភ្លើងគប់អូឡាំពិក (Olympic Flame) សម្រាប់ព្រឹត្តិការណ៍កីឡា Beijing 2022 Winter Games ត្រូវបានប្រគល់ឲ្យទៅចិន ដែលជាអ្នករៀបចំកម្មវិធី នៅថ្ងៃអង្គារនេះ នៅក្នុងពិធីមួយ ដែលធ្វើឡើង នៅពហុកីឡដ្ឋាន Panathenaic ស្ថិតក្នុងរដ្ឋធានី Athens របស់ក្រិក, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

ប្រធានគណៈកម្មាធិការអូឡាំពិកក្រិក និងជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Spyros Capralos បានប្រគល់ភ្លើងគប់ ទៅកាន់លោក Yu Zaiqing តំណាងពិសេស និងជាអនុប្រធានគណៈកម្មាធិការរៀបចំ ព្រឹត្តិការណ៍ Beijing 2022។

ប្រតិភូចិន បានចាកចេញពីពហុកីឡដ្ឋាន ជាមួយនឹងការបួងសួងសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងា ដែលគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈខាងមុខ ហើយក្រោយមក នឹងមានរៀបចំព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក៕